(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បាននាំយកនូវប្រាក់គោលនយោបាយចំនួន ២៥៤,៣៣១,១០០រៀល បើកជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារពលីមរណៈ។
ពីធីប្រគល់ថវិកាខាងលើ ធ្វើឡើងដោយមានការចូលរួមពីនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែកការិយាល័យបុគ្គលិក ព្រមទាំងមន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារពលីមរណៈជាច្រើនផងដែរ ក្នុងនោះមន្ត្រីនគរបាលចូលនិវត្តន៍ ១៩នាក់ និងគ្រួសារពលីមរណៈចំនួន ១៣នាក់។
លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បាននាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារពលីមរណៈ ដែលមានវត្តមានក្នុងពិធីនេះ។ លោកបានឲ្យដឹងថា ថវិកាទាំងអស់នេះជាគោលនយោបាយរបស់អគ្គស្នងការនគរបាលជាតិ ដែលអង្គភាពកងកម្លាំងនគរបាលជាតិ បានបង្កើតជាសមាគមមិត្តនគរបាលឡើង ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលដែលទទួលមរណភាព។
លោកស្នងការនគរបាលខេត្តកំពង់ធំ បានប្រគល់ជូននូវថវិកាដែលសមាគមមិត្តនគរបាល ជួយឧបត្ថម្ភជូនដល់មន្ត្រី នគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីទទួលមរណៈ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាពរបស់ខ្លួន។ លោកក៏បានផ្តាំផ្ញើដល់មន្រ្តី និងអតីតមន្រ្តីនគរបាលទាំងអស់ ត្រូវខិតខំប្រកបមុខរបរចិញ្ចឹមជីវិត ដោយមានការដាំបន្លែ ផ្លែឈើផ្សេងៗ និងកុំជឿពាក្យញុះញ៉ង់ពីអ្នកដទៃឲ្យសោះ៕