(ភ្នំពេញ)៖ បន្ទាប់ពីការបើកកិច្ចប្រជុំពេញមួយថ្ងៃលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការកម្ពុជា និង លោក សាលើមសៃ គុំម៉ាស៊ីត បានឯកភាពគ្នាទៅលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរដាក់ជូនរដ្ឋាភិបាលបារាំង ដើម្បីសុំអ្នកជំនាញមកជួយប្តូរខ្នាតផែនទីកម្ពុជាពី ១ លើ ១០០ពាន់ មក ១ លើ ៥០ពាន់ហើយ។
ក្នុងសន្និសីទព័ត៌មានរួមគ្នាក្រោយពីកិច្ចប្រជុំពិភាក្សាពេញមួយថ្ងៃនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត សុទ្ធតែបានបង្ហាញភាពរីករាយចំពោះលទ្ធផលដ៏ជោគជ័យនៃកិច្ចពិភាក្សាទៅលើបញ្ហាព្រំដែនប្រទេសទាំងពីរ។ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ ក្រៅពីការឯកភាពលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីស្នើទៅរដ្ឋាភិបាលបារាំងហើយនោះ ភាគីទាំងពីរ ក៏បានឯកភាពទៅលើចំណុចមួយចំនួនទៀត ដូចជាការប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការព្រំដែនចម្រុះនៃប្រទេសទាំងពីរ ចុះទៅដល់កន្លែងខ្វែងគំនិតនៅក្នុងតំបន់អូរតាង៉ាវ នៃខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដើម្បីពិនិត្យ និងដោះស្រាយ។
ភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿនបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានលឿនផងដែរ។ ទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សានេះថា ធ្វើឡើងក្រោមស្មារតីជាប្រទេសមានទំនាក់ទំនងយូរលង់ ជាបងប្អូន និងជាអ្នកជិតខាងល្អជាមួយគ្នា។
សូមបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានធ្វើឡើង បន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូល៉ីត កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ នៅវិមានសន្តិភាព។ ក្នុងជំនួបរវាងនាយករដ្ឋ មន្រ្តីនៃប្រទេសទាំងពីរ បានជជែកយ៉ាងច្រើនទៅលើបញ្ហាព្រំដែនប្រទេសទាំងពីរ ហើយក៏បានព្រមព្រៀងគ្នាធ្វើលិខិតស្នើទៅរដ្ឋាភិបាលបារាំង សុំអ្នកជំនាញជួយប្តូរខ្នាតផែនទីប្រទេសទាំងពីរពីខ្នាត ១ លើ ១០០ពាន់ មក ១ លើ ៥០ពាន់វិញ។
សូមរំលឹកទាំង ជំនួបរបស់នាយករដ្ឋមន្រ្តី ក៏ដូចជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានធ្វើឡើងក្រោយពេលឡាវ បានដាក់កងទ័ពចូលមកកាន់លើទឹកដីកម្ពុជានៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយក៏ត្រូវកម្ពុជាស្នើឲ្យដកទៅវិញទាំងអស់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ នៅពេលមានសំណើពីនាយករដ្ឋមន្រ្តីកម្ពុជា។
ប្រទេសកម្ពុជា មានព្រំដែនជាប់នឹងប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោលបានចំនួន ១២១បង្គោលរួចហើយ៕