(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះពិនិត្យមើលស្ថានភាព និងសុខភាពការរស់នៅ របស់យុវជនផ្ទុកសារធាតុញៀន នៅក្នុងមណ្ឌលព្យាបាលអប់រំ បន្សាបស្តានីតិសម្បទានអ្នកញៀនគ្រឿងញៀន(ក្រចេះឱកាសថ្មី) របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

សូមបញ្ជាក់ថា មណ្ឌលព្យាបាលអប់រំបន្សាបស្តានីតិសម្បទានអ្នកញៀនគ្រឿងញៀន(ក្រចេះឱកាសថ្មី) ក្នុងការបើកឲ្យដំណើរការមានរយៈពេលជាង១ខែមកនេះ មណ្ឌលទទួលបានអ្នកញៀន គ្រឿងញៀនចំនួន១៦នាក់ បានចូលព្យាបាលអប់រំបន្សាបស្តានីតិសម្បទាន ហើយមណ្ឌល និងរង់ចាំទទួលជាបន្តបន្ទាប់។

ក្នុងសកម្មភាពការចុះពិនិត្យស្ថានភាពរស់នៅ និងពិនិត្យសុខភាពរបស់អ្នកញៀនគ្រឿងញៀន ពីសំណាក់លោកឧត្តមសេនីយ៍ទោ លន់ សុផាត និងក៏មានការចូលរួមពី លោកស្នងការរងទទួលផែនជំនាញ និងក្រុមគ្រូពេទ្យផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ក៏បាននាំយកនូវសម្ភារ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន៤លានរៀល ក្នុងនោះមានថវិការបស់លោកអភិបាលខេត្តចំនួន២លាន រៀល សម្រាប់ជួយឧបត្ថមដល់មណ្ឌលកែប្រែ។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានថ្លែងប្រាប់ថា ការសាងសង់មណ្ឌលបន្សាបគ្រឿងញៀននេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ ការបន្សាបគ្រឿងញៀន និងសេវាសង្គមឲ្យកាន់តែប្រសើរឡើង ក្នុងការព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តក្រចេះ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានជម្រុញឲ្យជនដែលញៀនគ្រឿងញៀនទាំងអស់ ត្រូវព្យាយាមព្យាបាលបន្សាបសារធាតុញៀនឲ្យអស់ពីក្នុងខ្លួន ឆាប់បានទៅជួបជុំក្រុមគ្រួសារវិញឲ្យក្លាយខ្លួនជាពលរដ្ឋល្អ ក្នុងសង្គម អភិវឌ្ឍន៍មួយ៕