(ភ្នំពេញ)៖ លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ នឹងត្រូវបញ្ជូនទៅតុលាការកំពូលនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះសំណុំរឿងចំនួនពីរ។
មន្ត្រីតុលាការកំពូល ថ្លែងថា សំណុំរឿងទីមួយគឺ បទល្មើស «រក្សាទុកប្រាក់ក្លែងក្លាយ» ប្រព្រឹត្តនៅផ្ទះលេខ៩ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦ និង សំណុំរឿងទីពីរគឺបទល្មើស «បង្ខាំងមនុស្សខុសច្បាប់» ប្រព្រឹត្តនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣។
សវនាការនេះដឹកនាំដោយលោក សឹង បញ្ញាវុឌ្ឈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ច័ន្ទ តារារស្មី ជាតំណាងមហាអយ្យការ។
មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្នលោក ហេង ពៅ មានទោសជិត ១០០ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំៗ ជាពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍៕