(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជានៅតាមបណ្តាខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះជីវភាពរបស់អតីតយុទ្ធជន ជាពិសេសអតីតយុទ្ធជនមិនទាន់មានលំនៅដ្ឋាន និងជួបការលំបាកសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ការថ្លែងក្រើនរំលឹករបស់លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជននៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន រយៈពេល ៨ខែ ឆ្នាំ២០១៧ និងដាកចេញទិសដៅភារកិច្ចបន្តនៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៥។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។

តាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្តទាំង៤ ក្នុងយោធភូមិភាគ៥ នេះ មានអតីតយុទ្ធជនទ័លក្រ ដែលត្រូវការផ្ទះស្នាក់នៅសមរម្យចំនួន ៣៦៧គ្រួសារ ហើយអ្នកដែលអត់មានទាំងដីទាំងផ្ទះ រស់នៅជាមួយសាច់ញាតិចំនួន ៦៨៥គ្រួសារ និងរស់នៅលើដីសាធារណៈ ១៧៧គ្រួសារ ដែលត្រូវការលំនៅដ្ឋាន និងដីបង្កបង្កើនផលសម្រាប់ដោះស្រាយជីវភាព។

ឆ្លើយតបជាមួយរបាយការណ៍នេះនាយឧត្តមសេនីយ គន់ គីម បានស្នើប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីសម្បទានថ្នាក់ខេត្ត ដើម្បីថែរក្សាគ្រប់គ្រងដីបម្រុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋ ដែលមានក្នុងទីតាំងខេត្តនីមួយៗឲ្យបានម៉ឺងម៉ាត់ តាមការផ្ទេរ និងប្រគល់សិទ្ធិពីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងទៅ។

ក្នុងកិច្ចប្រជុំនោះលោកអគ្គលេខាធិការ គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ក្នុងសមាសភាពចម្រុះ ដែលក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៧នេះ សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ពិសេសការផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ ជាមួយអតីតយុទ្ធជន ជាសមាជិកសមាគម ដោយបានជួយដោះស្រាយសតិអារម្មណ៍ និងទុក្ខកង្វល់តាមរយៈ នៃការចលនាចូលរួមបុណ្យសពការផ្តល់ប្រាក់មរណៈសង្រ្គោះការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ការបង្កលទ្ធភាពផ្តល់សេវាសាធារណៈនានា បានទាន់ពេលវេលា និងគិតគូរសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ទ័លក្រ ដែលត្រូវការជម្រកជាចាំបាច់ ហើយបាននឹងកំពុង រិះរកវិធានការ ដោះស្រាយដីសម្បទានសង្គមកិច្ច ជូនបងប្អូនបានអាស្រ័យផល តាមការកំណត់ របស់រាជរដ្ឋាភិបាល ដែលសកម្មភាពទាំងនេះ សុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តន៍គោលនយោបាយជាតិ សម្រាប់អតីត យុទ្ធជនកម្ពុជា។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានប្រកាសទទួលស្គាល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន រាជធានី ខេត្តបន្ថែម ទៅក្នុងសមាសភាពដឹកនាំចម្រុះដែលមានស្រាប់។

សូមបញ្ជាក់ថា កាលពីដើមខែកក្កដា ២០១៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជូនបញ្ជីរាយនាម អតីតយុទ្ធជន និងគ្រួសារជាង ១៣.០០០នាក់ ដែលបានស្នើសុំដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ២០០៩មក ឲ្យទៅប្រធានមន្ទីរជំនាញតាមខេត្តពាក់ព័ន្ធ ដើម្បីសហការផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពអោយច្បាស់លាស់ ហើយសរុបរាយការណ៍សុំវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា។

តាមរបាយការណ៍ក្នុងយោធភូមិភាគ៥ មានអតីតយុទ្ធជនដែលបានស្នើសុំដីសម្បទានសង្គមកិច្ចពីឆ្នាំ២០០៩មក សរុបចំនួន ២.៨៨៣ គ្រួសារ លើទីតាំងខេត្ត៣ រួមមាន ខេត្តពោធិ៍សាត់ ៥៩៨គ្រួសារ បាត់ដំបង ១.៨២១គ្រួសារ និងបន្ទាយមានជ័យ ៤៦៤គ្រួសារ។ គួររំលឹកថា គិតត្រឹមខែសីហា ឆ្នាំ២០១៧ ក្នុងទិសយោធភូមិភាគ៥ នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនទ័លក្រ បានសរុប ៦៥ ខ្នង ( បាត់ដំបង ៤៥ខ្នង បន្ទាយមានជ័យ ១៦ខ្នង និងពោធិ៍សាត់ ៤ខ្នង៕