(ព្រះវិហារ)៖ អភិបាលថ្មីស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានប្រកាសឲ្យកាន់ចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា អភិបាលស្រុកត្បែងមានជ័យ ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ គឺលោក នុត សោភ័ណ្ឌ អតីតអភិបាលក្រុងព្រះវិហារ ចំណែកលោក អ៊ុង វុឌ្ឍី អភិបាលស្រុកត្បែងមានជ័យ ត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលស្រុករវៀងវិញ។

លោក អ៊ុន ចាន់ដា បានសំដែងនូវការសារទរ ចំពោះការប្រកាសឲ្យចូលកាន់តំណែងអភិបាល អភិបាលស្រុកត្បែងមានជ័យ នៅពេលនេះ។ លោកបន្តថាការផ្លាស់ប្តូរ តួនាទីភារកិច្ចរបស់មន្ត្រីរាជការជារឿងធម្មតាទេ មិនអាចនណាម្នាក់នៅធ្វើការតែមួយកន្លែងបានទេ ហើយលោកសំណូមពរឲ្យលោកអភិបាលស្រុកថ្មី ដែលប្រកាសតែងតាំងនៅពេលនេះ ត្រូវចេះដឹកនាំការងាររួមជាមួយមន្ត្រីក្រោមឱវាទ ដោយធ្វើការសហការគ្នា ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិស្របតាមគោលនយោបាយដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើឲ្យលោកអភិបាលស្រុកថ្មី ត្រូវខិតខំការពារធនធានធម្មជាតិ ដែលប្រឈមនឹងការកាប់រុករានពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញនានា ត្រូវបង្ក្រាបករណីនេះឲ្យខាងតែបាន ដើម្បីទុកជាកេរ្តិ៍តំណែលដល់កូនចៅយើងជំនាន់ក្រោយទៀត ត្រូវបង្រ្កាបករណីបទល្មើសនានា ដែលតែងកើតមាននៅលើមូលដ្ឋាន ពិសេសេល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនខុសច្បាប់៕