(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍មួយរូប បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃនឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់កាសែត The Cambodia Daily ដែលជំពាក់ពន្ធរដ្ឋជាង៦លានដុល្លារ បន្ទាប់ពីទទួលបានលិខិតផ្លូវការ របស់អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យសហការក្នុងការអនុវត្តវិធាន ការតឹងទារបំណុលពន្ធ។
មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងយ៉ាងដូច្នេះថា «ក្រោយពីទទួលលិខិត ពីអគ្គនាយកដ្ឋានពន្ធដារហើយ យើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។
ជនបរទេសទាំង២នាក់ ដែលអគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការរួមមាន លោកស្រី Deborath Krisher Steele ជាអភិបាលសហគ្រាស និងលោក DOUGLAS ERIC STEELE ជាអ្នកចាត់ការទូទៅ ដែលមិនបានបំពេញកាតព្វកិច្ចសារពើពន្ធ បានត្រឹមត្រូវ ដោយជំពាក់បំណុលពន្ធចំនួន ២៥,៧៥ពាន់លានរៀល (ប្រមាណជាង៦លានដុល្លារសហរដ្ឋអាមេរិ)។
សូមជម្រាបថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ គឺជាថ្ងៃឱសាទនៃថ្ងៃកំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងក៏ជាថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់កាសែត Cambodia Daily អគ្គនាយកដ្ឋានពន្ធដារ បានធ្វើលិខិតស្នើសុំកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការតឹងទារបំណុល ពន្ធលើក្រុមហ៊ុន BERNARD KRISHER JIMUSHI Co., Ltd. (កាសែត The Cambodia Dialy)។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក គង់ វិបុល បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «បើទោះបីមានការបិទក៏ដោយ ការអនុវត្តពន្ធនៅតែបន្ត បំណុលពន្ធត្រូវតែសង, អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាននេះ ជាអ្នកទទួលខុសត្រូវ ចំពោះបំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពីកម្ពុជាផងដែរ, ព្រោះយើងអនុវត្តតាមច្បាប់ សារពើពន្ធរបស់កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ នឹងចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីនេះនៅថ្ងៃស្អែក ព្រោះជាថ្ងៃឱសានវាទ»។
មន្រ្តីកំពូលនៃអគ្គនាយកដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធ ដែលជាបំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិ របស់អង្គភាពព័ត៌មាននេះ នឹងត្រូវធ្វើឡើង តាមច្បាប់សារពើពន្ធរបស់កម្ពុជា»។
កាសែតបរទេស The Cambodia Daily បានប្រកាសបិទការចេញផ្សាយរបស់ខ្លួន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាព បង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ និងបានបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់កាសែត The Cambodia Daily នៅរសៀលថ្ងៃអាទិត្យនេះ។ ការសម្រេចបិទការចេញផ្សាយរបស់ខ្លួន កាសែត The Cambodia Daily បានថ្លែងអំណរគុណដល់ ម្ចាស់ពាណិជ្ចកម្ម និងប្រិយមិត្ត ដែលបានគាំទ្រកាសែតនេះ តាំងពីដើមមក៕