(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយ លោកអភិបាលរង និងមន្ត្រីរាជការ បានចុះសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ឲ្យបានទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់កន្លងមក។

ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានចុះពិនិត្យមើលគម្រោងផ្លូវ០១ខ្សែ ដែលគ្រោងនឹងស្ថាបនានៅពេលខាងមុខ មាន ប្រវែង ៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចកផងដែរ។

នៅក្នុងឱកាសនោះលោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច ទាំងពីរតែងគិតគូរពីការលំបាក និងតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងបានផ្តាំផ្ញើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាជូនបងប្អូនបានទាន់ពេលវេលា។

នៅចំពោះមុខប្រជាពលរដ្ឋ លោកអភិបាល ក៏បានទទួលយកសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមមានការងារអភិវឌ្ឍមូលដ្ឋាន បញ្ហាក្មេងទំនើង ករណីបទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែករទាំង បានធ្វើការថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានគិតគូ អំពីការលំបាកនានារបស់ពួកគាត់ និងចុះជាប់ជាមួយពួកគាត់ដល់មូលដ្ឋានជាប្រចាំ៕