(កោះកុង)៖ កម្មករ-កម្មការិនីរោងចក្រ KKN3 មានទីតាំងស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានបន្តដួលសន្លប់ដល់ជិត១០០នាក់ ដោយសារឮសំឡេងកន្តឹង ប្រកាសអាសន្នរោទិ៍ឡើង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។  
 
កម្មករ-កម្មការិនីបម្រើក្នុងរោងចក្រ KKN3 បាននិយាយថា មុនកើតហេតុកម្មករ-កម្មការិនីទាំងអស់ធ្វើការដូចសព្វដង ដល់ម៉ោង​កើតហេតុស្រាប់តែ មានសំឡេងកន្តឹងប្រកាសអាសន្នរោទិ៍ឡើងខ្លាំង ធ្វើឲ្យកម្មករក្នុងរោងចក្រភ័យឆោរឡោ​រកច្រកចេញខ្លះ​ចេញរួចខ្លះដួលសន្លប់ ហើយអ្នកដែលមិនដួលសន្លប់ បានជួយគ្រាគ្នាមកដាក់រថយន្ត ដើម្បីដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងក្នុងការជួយសង្រ្គោះកម្មករ-កម្មការិនីថា  កម្មករដែលដួលសន្លប់ទាំងអស់ ក្រុមលោកគ្រូពេទ្យកំពុងធ្វើជួយសង្រ្គោះយ៉ាងញាប់ដៃញាប់ជើងយ៉ាងយកចិត្តទុកដាក់ ក្នុងនាមជាលោកគ្រូពេទ្យ។

លោក យុគ សង្វាត ប្រធានមន្ទីរការងារខេត្តបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យកម្មករ-កម្មការិនីដួលសន្លប់នេះ មិនមែនមកពីពុលសារធាតុគីមីទេ គឺដួលសន្លប់ដោយសារកន្តឹងសម្រាប់ប្រកាសអាសន្នរោទិ៍ឡើង ធ្វើឲ្យកម្មករដែលកំពុងបម្រើការងារភ័យស្លន់ស្លោខ្លះរត់ចេញរួចខ្លះដួលសន្លប់។

លោកបញ្ជាក់ពីមូលហេតុថា កន្តឹងប្រកាសអាសន្នរោទិ៍មានហេតុផល ២យ៉ាង៖ ១.វាអាចឆ្លងចរន្តអគ្គីសន្នីនៅពេលមានជាតិសំណើម​​ និង២.វាអាចមានអ្នកចុចលេងលោកបានបញ្ជាក់ថា ឥឡូវខាងក្រុមហ៊ុនកំពុងធ្វើការស្រាវជ្រាវរកមូលហេតុនៃការរោទិ៍នេះហើយ តែចំពោះកម្មករ-កម្មការិនីដែលដួលសន្លប់មិនមានគ្រោះដល់អាយុជិវិតឡើង ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមលោកគ្រូពេទ្យ។

លោកបានបញ្ជាក់ថា ចំនួនកម្មករ-កម្មការិនីដែលដួលសន្លប់មានចំនួនសរុប ៩២នាក់៕