(ភ្នំពេញ)៖ អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ពោលនៅមុននេះបន្តិចថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យទៅលើករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិក្នុងពេលឆាប់ៗខាងមុខនេះ។
បើទោះបីជាយ៉ាងណា លោក ឡេង ប៉េងឡុង មិនទាន់អាចបញ្ជាក់បានថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងត្រូវសម្រេចយ៉ាងណានៅឡើយនោះទេ។
ការពិនិត្យរកពេលវេលាដើម្បីប្រជុំពិនិត្យលើអភ័យឯកសិទ្ធិរបស់លោក កឹម សុខា ពីសំណាក់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានេះ បានធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានធ្វើលិខិតមួយច្បាប់ផ្ញើជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា រាយការណ៍អំពីការចាប់ខ្លួនលោក កឹម សុខា និងបទល្មើសក្បត់ជាតិរបស់មេបក្សប្រឆាំងរូបនេះ។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចោទប្រកាន់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ និងសេចក្តីថ្លែងការណ៍របស់អយ្យការ។
លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយ ជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមាន មូលដ្ឋានគ្រប់គ្រាន់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ដោយបើកការ ស៊ើបសួរលើឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវីធី»។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្រប់ច្បាប់ប្រទេស ដែលកើតចេញពីការបោះឆ្នោត។ ក្រោយចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រលោក កឹម សុខា ក៏ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ៕