(ព្រះវិហារ)៖ តំណាងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបណីកម្ម និងសំណង់ គឺលោក សៀក វណ្ណា អនុរដ្ឋលេខាធិការ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ជួបពិភាក្សាគ្នាប្រជុំដាក់ផែនការចុះដោះស្រាយដីធ្លី ហើយអាជ្ញាធរភូមិ ឃុំ ស្រុកទាំង៣ នៃខេត្តព្រះវិហារ រួមមាន៖ ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែនដែលប្រជាពលរដ្ឋមួយចំនួន នៃស្រុកទាំង៣ មានវិវាទដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នោះនឹងត្រូវកោះឲ្យចុះពិនិត្យមើលជាក់ស្តែង ដើម្បីរកវិធានការដោះស្រាយបញ្ចប់តែម្តង។
លោក អ៊ុន ចាន់ដា បានថ្លែងថា «ខេត្តបានបង្កើតក្រុមការងារចំនួន៣ ចុះធ្វើអត្តសញ្ញាណកម្ម ជាមួយប្រជាជន និងចុះពិនិត្យទីតាំងដីជាក់ស្តែង ដែលប្រជាពលរដ្ឋ មានទំនាស់ជាមួយក្រុមហ៊ុន ហើយការអនុវត្តន៍យើងចាប់ផ្តើមពីថ្ងៃនេះ ដោយមិនមានការបង្អែបង្អង់នោះទេ»។
លោកអភិបាលខេត្តបានបន្តថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះវិហារ បានធ្វើសេចក្តីជូនដំណឹងស្តីពីការធ្វើអត្តសញ្ញាណគ្រួសារ ប្រជាពលរដ្ឋ និងអត្តសញ្ញាណក្បាលដី ដែលមានការពាក់ព័ន្ធ និងវិវាទជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន៥ ក្នុងភូមិសាស្ត្រស្រុកទាំង៣ខាងលើ នៃខេត្តព្រះវិហារ។
លោកបញ្ជាក់ទៀតថា «កិច្ចប្រជុំដោយមានការចូលរួមពី តំណាងក្រសួងរៀបចំដែនដី ជាមួយ និងអាជ្ញាធរខេត្តនៅថ្ងៃនេះ ក្នុងគោលបំណងដាក់ផែនការឲ្យអាជ្ញាធរភូមិឃុំស្រុក ត្រូវចុះជាមួយប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ធ្វើការវាស់វែងផ្ទៀងផ្តាត់ឯកសារ កាន់កាប់ដីធ្លលីរបស់គាត់។ ដូច្នេះក្រុមការងារដែលយើង បានចាត់តាំងទាំង៣មុខព្រួញនេះ នឹងធ្វើកិច្ចការនេះ បានឆាប់រហ័ស និងផ្តល់លទ្ធផលជូនប្រជាពលរដ្ឋ ពិសេសគឺបញ្ចប់បញ្ហាដីធ្លីរបស់គាត់ជាមួយក្រុមហ៊ុនតែម្តង»។
ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏សំណូមពរឲ្យប្រជាពលរដ្ឋ ឈប់ជឿតាមការញុះញង់បោកប្រាស់របស់ជនអគតិមួយចំនួន៕