(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកញ្ញា នេះ បានចេញដីកាសម្រេចឃុំខ្លួន ជនដៃដល់ដែលពាក់ព័ន្ធករណីសម្លាប់កូនស្រីតូចបង្កើត និងសម្លាប់ឪពុកក្មេក ដោយសារតែខឹងប្រពន្ធសុំលែងលះ ព្រោះរឿងចាប់រំលោភម្តាយក្មេក ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីលោក ងិន ពេជ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
សូមបញ្ជាក់ថា ជនដៃដល់រូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក អេង សុភា នាយការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ជនដែលជាឃាតកដ៏សាហាវឃោរឃៅ រឹតកសម្លាប់កូនស្រីខ្លួនឯងអាយុ៣ឆ្នាំ និងសម្លាប់ឪពុកក្មេកដែលមានជំងឺព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានចាប់ខ្លួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏កំពុងបញ្ជូនបន្តមកស្នងការដ្ឋានរាជធានីភ្នំពេញ។
លោក អេង សុភា បានបញ្ជាក់ថា ការឃាត់ខ្លួនេះធ្វើឡើងដោយ មានការសហការយ៉ាងជិតស្និតជាមួយ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ស្វាយរៀង និងកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
ជុំវិញអំពើឃាតកដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីដើមហេតុថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យដែលជាឃាតកឈ្មោះ អេង សំណាង អាយុ២៦ឆ្នាំ ចាប់រំលោភម្តាយក្មេក និងព្យាយាមច្របាច់កសម្លាប់ តែមិនបានសម្រេច ព្រោះរត់រួចឲ្យអ្នកជិតខាងជួយ។ ក្រោយមកជនសង្ស័យ បានគំរាមថា បើហ៊ានប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់មួយពូជតែម្ដងនៅខេត្តស្វាយរៀង។
ក្រោយមកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ឃាតក ក៏បានសុំលែងលះ ដោយសារដឹងមូលហេតុថា ប្តីបានរំលោភម្តាយបង្កើតរបស់ខ្លួន ហើយពេលនោះឃាតក បានយកកូនស្រីអាយុ៣ឆ្នាំ ទៅភ្នំពេញជាមួយខ្លួន។
លុះនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានសម្លាប់កូនស្រីរបស់ខ្លួន ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានរត់គេចខ្លួនទៅខេត្តស្វាយរៀង បន្ដសម្លាប់ឪពុកក្មេកម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយច្របាច់កនៅក្នុងបន្ទប់ទឹក។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា នៅពេលជនសង្ស័យចូលទៅសម្លាប់ឪពុកក្មេកនោះ នៅក្នុងបន្ទប់សម្រាកនោះមិនមានអ្នកជំងឺ ឬក្រុមគ្រួសារនៅជាមួយនោះទេ ព្រោះតែប្រពន្ធអ្នកជំងឺបានឆ្លៀតពេលទៅក្រៅ ដើម្បីប្តឹងសមត្ថកិច្ច ចំណែកប្រពន្ធបានជាប់ធ្វើការនៅរោងចក្រ និងគ្មានទូរស័ព្ទទាក់ទង៕