(សៀមរាប) ៖ បន្ទាប់ពីកិច្ចប្រជុំការងារទេសចរណ៍រវាងរដ្ឋ និងឯកជន ក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចុះពិនិត្យទីតាំងចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប ក្នុងនោះលោក ក៏បានជួបលោកឧកញ៉ា ទូច សៀ ដែលជាម្ចាស់វិនិយោគចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាបផងដែរ។
លោកឧកញ៉ា ទូច សៀ បានឱ្យដឹងថា ចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ស្ថិតក្នុងអធិបតីភាពរបស់ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ។
លោកឧកញ៉ា បានជម្រាបបន្ថែមថា ដើម្បីឆ្លើយតបនឹងតម្រូវការ និងជាការចូលរួមចំណែកជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា នូវបុព្វហេតុនៃការរីកចម្រើន សម្រាប់ខេត្តសៀមរាបលើគ្រប់វិស័យ ដែលបាននិងកំពុងរួមចំណែកកសាងសេដ្ឋកិច្ចសង្គមជាតិ លើកកម្ពស់ជីវភាពជូនបងប្អូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ ទើបលោកឧកញ៉ា បានវិនិយោគនូវចំណតរថយន្តប៉ែកខាងលិចក្រុងសៀមរាបនេះឡើង ។
លោកបានបន្តថា លោកបានមើលឃើញនូវកំណើន នៃភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តសៀមរាប-អង្គរ និងតាមរយៈការជួយសម្របសម្រួល ការលើកទឹកចិត្ត ពីអាជ្ញាធរខេត្ត/ក្រុង និងកក្តាជំរុញផ្សេងៗទៀត តាមការសង្កេតនូវសន្ទុះសេដ្ឋកិច្ចរបស់ខេត្តក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ឃើញមានកំណើនប្រកបដោយសក្តានុពលឈានឡើង ជីវភាពរស់នៅកាន់តែប្រសើរ និងសេវាផ្សេងៗកាន់តែមានប្រសិទ្ធភាព និងសកម្មភាពផុសផុលទ្វេឡើងជារៀងរាល់ឆ្នាំ ទើបលោកបោះទុនបន្ថែមលើការវិនិយោគចំណតរថយន្ដដែលមានលក្ខណៈស្ដង់ដានេះឡើង ។
លោករដ្ឋមន្ត្រី ថោង ខុន បានធ្វើការកោតសរសើរ ចំពោះ លោកឧកញ៉ា ដែលបានធ្វើការវិនិយោគ ក្នុងការរៀបចំនូវចំណតរថយន្ដ ដែលមានលក្ខណៈស្ដង់ដានេះឡើង ព្រោះខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត ដែលទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍ឱ្យមកទស្សនាកម្សាន្ត។
ជាក់ស្តែង ក្នុងរយៈពេល៧ ខែឆ្នាំ២០១៧ នេះ ខេត្តសៀមរាបទទួលបានទេសចរសរុប ៣.៧៨៣.៧២៤ នាក់ កើនទ្បើង ១១.៩៤%ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២.៣៦៧.៦៩៦ នាក់ កើនទ្បើង១១,៩១% និងភ្ញៀវទេសចរអន្តរជាតិចំនួន១.៤១៦.០២៨នាក់ កើនទ្បើង១១.៩៩% ។
លោករដ្ឋមន្ត្រី បានបន្តថា ចំណតរថយន្ដនេះ មិនត្រឹមតែបានជួយសម្រួលនូវការកកស្ទះចរាចរ និងសណ្ដាប់ធ្នាប់ នៅក្រុងសៀមរាប ប៉ុណ្ណោះទេ គឺថែមទាំងបានចូលរួមចំណែកធ្វើឱ្យខេត្តសៀមរាប មានលទ្ធភាពក្លាយជា ទីក្រុងទេសចរណ៍ស្អាតអាស៊ាន នាពេលខាងមុខ ផងដែរ៕