(ភ្នំពេញ)៖ ស្រុកកៀនស្វាយ ខេត្តកណ្តាល គឺមានចម្ងាយជិតបង្កើយ ត្រឹមតែប្រមាណជាង១០គីឡូម៉ែត្រប៉ុណ្ណោះ ពីគល់ស្ពានព្រះមុនីវង្សក្បាលថ្នល់ ដែលប្រជាពលរដ្ឋ តែងស្គាល់ថា ជាតំបន់ទេសចរណ៍បឹងធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ សម្រាប់សម្រាកលំហែកាយនាថ្ងៃចុងសប្តាហ៍ ឬសម្រាកពីការងារ។

ក្រៅតែពីជាកន្លែងទេសចរណ៍ ដ៏ល្បីល្បាញហើយនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានដ៏រលើបរលោង ដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាង បាននិងកំពុងសម្រួលធ្វើចរាចរណ៍ របស់ប្អូនប្រជាពលរដ្ឋ កាន់តែងាយស្រួល ដោយចំណាយពេលត្រឹមតែប្រហែល២០នាទីប៉ុណ្ណោះ ពីគល់ស្ពានព្រះមុនីវង្ស ដល់ស្រុកកៀនស្វាយ។

ការបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ១ ជាហេតុផលសំខាន់មួយ ដែលរុញច្រានឲ្យដីនៅតាមផ្លូវសរសៃឈាមសេដ្ឋកិច្ចនេះ ចាប់ពីខណ្ឌច្បារអំពៅដល់ ស្រុកកៀនស្វាយ រហូតដល់តំបន់អ្នកលឿងឡើងថ្លៃ បូករួមទាំង​កំណើន​នៃ​តម្រូវការវិនិយោគ ស្ថានភាព​ភូមិសាស្ត្រ និង​ការ​កើនឡើង​នូវ​តំបន់​ឧស្សាហកម្ម និង​លំនៅឋាន​ ក៏ជា​ហេតុផល​ចម្បង​ធ្វើឲ្យ​តម្លៃ​ ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ដ៏សំខាន់​នេះ ​បន្ត​កើនឡើង​បន្ថែម​ទៀត​។

ការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យវិញ គឺឃើញបុរីដ៏ថ្មីសន្លាង និងជាមួយនឹងផ្សារទំនើប កំពុងតែផុសអណ្តែតឡើង នៅតាមបណ្តាលផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈគម្រោងផ្សេងៗអាចនឹងលេចរូបរាងឡើង នៅក្នុងពេលដ៏ខ្លីខាងមុខ ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស និងក្រុងរណបផងដែរ។ ជាក់ស្តែអថ្មីៗនេះ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានធ្វើការទិញដីចំនួន១៥០០ហិកតារួចហើយ នៅតំបន់កៀនស្វាយនេះ ដោយគ្រោងបង្កើតទីក្រុងរណបថ្មីមួយ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន អចលនទ្រព្យធំមួយនៅកម្ពុជា។

អភិបាលស្រុកកៀនស្វាយលោក អ៊ូ ឈាង បានថ្លែងប្រាប់អង្គភាព Fresh News ដឹងថា ស្រុកកៀនស្វាយ មានឃុំចំនួន៨ ស្មើនឹង៦៧ភូមិ ដែលមានភូមិសាស្ត្រ និងសណ្តាប់ធ្នាប់ល្អ។

លោកបន្តថា ស្រុកកៀនស្វាយ មានភូមិសាស្ត្រជាប់នឹងរាជធានីភ្នំពេញ ដោយមានព្រំប្រទល់ជាមួយនឹងខណ្ឌច្បារអំពៅ ចម្ងាយប៉ុន្មានតែ១៧គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ។ ស្រុកកៀនស្វាយ ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១ អមដោយទន្លេមេគង្គក្រោម និងតាមបណ្តោយផ្លូវលេខ១១០​ អមដោយទន្លេបាសាក់។

លោកអភិបាលស្រុកបន្តថា ភូមិសាស្ត្រក្នុងស្រុកកៀនស្វាយ មានផ្ទៃដីនៅទូលាយ ដែលជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍន៍ របស់វិនិយោគិនមិនថា វិស័យអចលនទ្រព្យ ឬក៏បើកក្រុមហ៊ុន រោងចក្រនោះឡើយ គឺជាទីតាំងដ៏មានសក្តានុពលយ៉ាងខ្លាំង។

ជាមួយគ្នានេះលោក អ៊ូ ឈាង ក៏បានអំពាវនាវឲ្យវិនិយោគិនជាតិ និងអន្តរជាតិ មកវិនិយោគនៅស្រុកកៀនស្វាយ ឲ្យបានកាន់តែរីកចម្រើន ដើម្បីជំរុញលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋឲ្យកាន់តែធូរធាឡើយថែមទៀត ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋម្នាក់នៅស្រុកកៀនស្វាយ បានបង្ហើបឲ្យដឹងថា នៅរយៈពេលចុងក្រោយនេះ គេឃើញមានជនជាតិចិនជាច្រើន បានចុះមកពិនិត្យ និងស្វែងរកទិញដី ដើម្បីអភិវឌ្ឍន៍ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយនេះ។

ប្រជាពលរដ្ឋសង្ឃឹមថា តំបន់កៀនស្វាយ នឹងទាក់ទាញនូវវិនិយោគិនបាន ដោយសារមានភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធល្អ ដើម្បីជួយជីវភាពពួកគាត់ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

អ្នកជំនាញអចលនទ្រព្យរបស់ក្រុមហ៊ុនល្បីឈ្មោះមួយ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ​ចាប់ពី​កៀនស្វាយ​ដល់​អ្នក​លឿង​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៣ កំពុង​សាងសង់ និង​ដំណើរការ​ជា​តំបន់​មាន​កំពង់ផែ និង​ជា​តំបន់​មាន​កម្លាំង​ពលកម្ម​ច្រើន ​ដែល​ធ្វើឲ្យ​មាន​គម្រោង​បង្កើត​ តំបន់​ឧស្សាហកម្ម​ច្រើន​​។ ​ដី​នៅ​តំបន់​នោះ ​ចាប់ពី​ស្ពាន​មុនីវង្ស ដល់​បុរី​ ប៉េង ហួត កៀនស្វាយ តម្លៃ​ដី​បាន​កើនឡើង​ពី២ ​ទៅ​៣ដង ធៀប​នឹង​រយៈពេល​៥​ឆ្នាំ​មុន។

អ្នកជំនាញដដែលបញ្ជាក់ថា ​មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស​បាន​ប្រមូល​ទិញ​ដី​ នៅ​តាម​​បណ្តោយ​ផ្លូវ​នេះ​ច្រើន​ណាស់​ រាប់​តាំង​ពី​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន ថៃ និង​អ្នក​វិនិយោគ​ក្នុង​ស្រុក ដែលធ្វើឲ្យតម្លៃដីហក់ឡើងខ្ពស់៕