(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ និង លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបពិភាក្សាគ្នាលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីមន្រ្តីគណៈកម្មាធិការព្រំដែន និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
កិច្ចពិភាក្សាផ្តោតជាសំខាន់ទៅលើតំបន់ព្រំដែន ដែលប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា និងការដាក់ចេញយន្តការមួយចំនួនទៀត ដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនឲ្យទទួលបានជោគជ័យ។
តាមការគ្រោងទុក្ខនៅក្រោយកិច្ចប្រជុំពិភាក្សារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនពាក់ព័ន្ធបញ្ហាព្រំដែនប្រទេសទាំងពីរផងដែរ។
កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសកម្ពុជា-ឡាវ បានធ្វើឡើងបន្ទាប់ពីមានការបើកផ្លូវមួយពីសំណាក់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលន់ ស៊ីសូល៉ីត ក្នុងកិច្ចប្រជុំនាថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧សប្តាហ៍មុននេះ។
សូមបញ្ជាក់ថាទាំងជំនួបរបស់នាយករដ្ឋមន្រ្តី ក៏ដូចជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានធ្វើឡើងក្រោយពេលឡាវ បានដាក់កងទ័ពចូលមកកាន់លើទឹកដីកម្ពុជានៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយក៏ត្រូវកម្ពុជាស្នើឲ្យដកទៅវិញទាំងអស់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ នៅពេលមានសំណើពីនាយករដ្ឋមន្រ្តីកម្ពុជា។
ប្រទេសកម្ពុជា មានព្រំដែនជាប់នឹងប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោលបានចំនួន ១២១បង្គោលរួចហើយ៕