(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ អញ្ជើញទៅពិនិត្យឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសារឡើងវិញ ឲ្យបានគ្រប់គ្នា ដើម្បីប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ដែលបញ្ជីបោះឆ្នោតនេះ មានតម្កល់នៅគ្រប់សាលាឃុំ-សង្កាត់។
តាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់សាម៉ីខ្លួនពុំត្រឹមត្រូវនោះ សាម៉ីខ្លួនត្រូវស្នើទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការសុំតម្រូវឲ្យបានត្រឹមត្រូវ តាមឯកសារសំអាងច្បាស់លាស់។
គ.ជ.ប ក៏បានបញ្ជាក់ដែរថា ចំពោះការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបោះឆ្នោត ហើយមិនទាន់មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺអ្នកដែលកើតមុនថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០០ និងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី។
សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ធ្វើឡើងរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕
ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវរបស់ គ.ជ.ប៖