(ភ្នំពេញ)៖ ដើម្បីចូលរួមសកម្មភាពសង្គម កាលពីចុងសប្តាហ៍នេះ វិទ្យាស្ថានខេមអេដ បានរៀបចំកម្មវិធីសប្បុរសធម៌មួយទៅកាន់《អង្គការអប់រំដល់កុមារ និងស្ត្រី》 ដែលស្ថិតក្នុងភូមិអូរធំ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ក្រោមប្រធានបទ 《ទាំងអស់គ្នាដើម្បីការអប់រំ》។
ជាមួយគ្នានេះដែរ ដើម្បីផ្សារភ្ជាប់ទៅនឹងប្រធានបទនៃកម្មវិធីសប្បុរសធម៌នេះ គណៈគ្រប់គ្រងក៏ដូចជាបុគ្គលិកដែលបានចូលរួម បានចែករំលែកនូវចំណេះដឹងដែលទាក់ទងទៅនឹងការសិក្សារៀនសូត្រនិងអនាម័យក្នុងការរស់នៅទៅកាន់កុមារតូចៗ និងប្រជាជន ដែលនៅតំបន់នោះ ក្នុងគោលបំណងជួយលើកកម្ពស់ការអប់រំក៏ដូចជាបំផុសស្មារតីប្រជាពលរដ្ឋឲ្យរស់នៅមានអនាម័យល្អ។
លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដ បានឧបត្ថម្ភដល់កុមារតូចៗនូវសម្ភារៈសិក្សា ក្នុង១នាក់១ឈុត និងប្រជាជនក្រីក្ររួមមានចាស់ជរា និងជនពិការ ដែលម្នាក់ៗទទួលបាន មីចំនួន១កេះ និងថវិការមួយចំនួន។ មិនតែប៉ុណ្ណោះ វិទ្យាស្ថានខេមអេដ ក៏បានឧបត្ថម្ភជូនអង្គការនូវកុំព្យូទ័រលើតុចំនួន២គ្រឿង ទូរដាក់សម្ភារៈចំនួន៣ សៀវភៅនិងសម្ភារៈផ្សេងៗដែលបានពីសប្បុរសជននានា ព្រមទាំងថវិការចំនួន ២០០ដុល្លារ ផងដែរ ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អង្គការ។
គួររំលឹកផងដែរថា វិទ្យាស្ថានខេមអេដជាវិទ្យាស្ថានអន្តរជាតិតែមួយគត់ ដែលទទួលបានចំណាត់ ថ្នាក់ប្លាទីនីម ដែលជាចំណាត់ខ្ពស់ជាងគេបំផុត ពីសំណាក់សមាគមគណនេយ្យករជំនាញACCA ដែលមានទីតាំងនៅក្នុងចក្រភពអង់គ្លេស ព្រមទាំងទទួលស្គាល់រហូតដល់១៨៣ប្រទេស លើពិភពលោក ទៅលើគុណភាពនៃការអប់រំផ្នែកគណនេយ្យករជំនាញ ហើយនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដតែងតែទទួលបានឱកាសការងារខ្ពស់ផងដែរ៕