(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសាកសួរចម្លើយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បន្តទៀត ពាក់ព័ន្ធនឹងបទក្បត់ជាតិ។ នេះបើតាមការបញ្ជាក់របស់ លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការ កាលពីម្សិលមិញ។
កាលពីម្សិលមិញនេះ តំណាងអយ្យការដែលដឹកនាំដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង បានចុះទៅសាកសួរ និងពិនិត្យភស្តុតាងលើសំណុំរឿង លោក កឹម សុខា នៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ប៉ុន្តែព្រះរាជអាជ្ញា មិនទាន់ធ្វើការចោទប្រកាន់ លោក កឹម សុខា នៅឡើយទេ។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ១២៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកសារភាពអំពីការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
ក្រោយការចាប់ខ្លួននេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំងតាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនោះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម, ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ និងគន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានព្រមានដល់សហគមន៍បរទេស ជាពិសេសសហរដ្ឋអាមេរិក កុំឱ្យលូកដៃចំពោះកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ៕