(ភ្នំពេញ)៖ បន្ទាប់ពីបានដើរយុទ្ធនាការ៣០ថ្ងៃរៃអង្គាសប្រាក់ ដើម្បីចូលរួមជួយកសាងចេតិយសពលោកបណ្ឌិត កែម ឡី ព្រមទាំងអំពាវនាវដល់គណៈកម្មការមុន បង្ហាញពីប្រាក់ដែលបងប្អូនប្រជាពលរដ្ឋចូលបច្ច័យ នៅពេលបុណ្យសព ព្រមទាំងបានស្នើឲ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ បង្ហាញពីប្រាក់ដែលរ៉ៃអង្គាស បានពីក្រៅប្រទេស ប៉ុន្តែការស្នើសុំហាក់មិនបានទទួលលទ្ធផល។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសថា ក្នុងនាមលោកជាអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី នឹងជួបពិភាក្សាជាមួយអ្នកច្បាប់ ដើម្បីស្នើដល់សមត្ថកិច្ច និងតុលាការបើកការស៊ើបអង្កេត គណៈកម្មការមុន អំពីលុយបុណ្យសពលោកបណ្ឌិត កែម ឡី ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ជាអ្នកដឹកនាំគណៈកម្មការ។
លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ក្រោយពីលោក កែម រិទ្ធិសិត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ លោកបណ្ឌិត កែម ឡី បានប្រកាសថា បើសិនជាមិនមានថវិកាគ្រប់គ្រាន់ តាមគម្រោងដែលបាន ដាក់ចេញក្នុងការសាងសង់ចេតិយលោកបណ្ឌិត កែម ឡី នោះទេ ការសាងសង់ចេតិយលោកបណ្ឌិត កែម ឡី នឹងត្រូវផ្អាកការសាងសង់។ ក្នុងន័យនេះក្នុងនាមខ្ញុំ ជាយុវជនមួយរូបដែលគោរពស្រលាញ់លោកបណ្ឌិត កែម ឡី នោះ ខ្ញុំ ពេជ្រ ស្រស់ នឹងជួបពិភាក្សាជាមួយអ្នកច្បាប់ ដើម្បីស្នើដល់សមត្ថកិច្ច និងតុលាការបើកការ ស៊ើបអង្កេតគណៈកម្មការមុន អំពីលុយបុណ្យសពលោកបណ្ឌិត កែម ឡី ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ជាអ្នកដឹកនាំគណៈកម្មការ ក្នុងអំឡុងពេលគណៈកម្មការមួយនេះនៅមានសុពលភាព»។
ថ្លែងក្នុងវីដេអូ ដែលចេញនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះ «ព្រះអង្គធ្វើគណៈកម្មការមុន ដែលមនុស្សចូលលុយរាប់ម៉ឺនរាប់សែនដុល្លារ តើជាការអាថ៌កំបាំងដែរឬទេ ដែលគ្មានលុយសាងសង់ចេតិយ នេះបានគេហៅថា អាថ៌កំបាំងពិតប្រាកដណាព្រះអង្គ អាថ៌កំបាំងពិតប្រាកដ គឺព្រះអង្គមិនបានលាតត្រដាងចំនួនលុយពិតប្រាកដ»។
ប្រធានគណបក្សយុវជនកម្ពុជា បញ្ជាក់ថា «នៅក្នុងថ្ងៃចូលបុណ្យលោកបណ្ឌិត កែម ឡី ព្រមទាំងលុយ ដែលគេចូលបុណ្យរយៈពេល៧ថ្ងៃ ព្រមទាំងលុយដែល គេចូលបុណ្យពីស្រុកក្រៅទៅទៀត លោក កែម រិទ្ធិសិត បានប្រាប់ខ្ញុំថា ព្រះអង្គនៅស្រុកខ្មែរអត់កាន់លុយទេ ប៉ុន្ដែព្រះអង្គអ្នកគ្រប់គ្រងលុយត្រូវចាំ។ មួយទៀត ព្រះអង្គទៅអូស្ដា្រលី ទៅអាមេរិក ព្រះអង្គទៅរ៉ៃអង្គាសតើលុយហ្នឹង យន្ដហោះអ្នកដឹក ឬក៏ព្រះដាក់ក្នុងថង់យាម ឬក៏ព្រះអង្គមានសាវកផ្សេងទៀតមកកាន់លុយហ្នឹង ព្រះអង្គបកស្រាយមក នោះទើបហៅថាអាថ៌កំបាំងពិតប្រាកដ»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក ពេជ្រ ស្រស់ បានប្រគល់ថវិកា ចំនួន៣,០២០,០០០រៀល ដែលមកបានពីការរ៉ៃអង្គាស រយៈពេល៣០ថ្ងៃ ក្នុងការជួយកសាងចេតិយ ជូនសពលោកបណ្ឌិត កែម ឡីនោះ ជូនក្រុមគ្រួសារលោកបណ្ឌិត នៅឯស្រុកកំណើត ខេត្តតាកែវ។
ជាមួយនឹងការទទួលថវិកានេះ ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលមានលោកស្រី ភោគ សេ ជាម្ដាយ និងលោក កែម រិទ្ធិសិត ដែលជាប្អូនប្រុសនោះ បានសម្ដែងនូវក្ដីអបអរ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបើកយុទ្ធនាការរ៉ៃអង្គាសរយៈពេល៣០ថ្ងៃកន្លងមកនេះ។
សូមជម្រាបថា លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ គណបក្សយុវជនកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួន សរុបជាង២៣០០ដុល្លារ ដើម្បីចាយវាយលើការធ្វើដំណើរស្នាក់នៅ និងហូបចុក នៅពេលចុះយុទ្ធនាការ ប៉ុន្ដែពួកយើងសប្បាយចិត្តក្នុងការងារជួយរកថវិកា ដើម្បីកសាងចេតិយជូន សពលោកបណ្ឌិត កែម ឡី ខុសពីគណៈកម្មការមុន មិនហ៊ានពុះពារឧបសគ្គដើម្បីការងារ បានតែអួតក្អេងក្អាងតែប៉ុណ្ណោះ ធាតុពិតគ្មានបានការឡើយ៕