(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែរ រដ្ឋា បានបញ្ជាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ថា នៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះមកខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខមន្ត្រីរាជការ និងអ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និង ពិនិត្យមើលតម្រូវការចំបាច់មួយចំនួនរបស់មន្ទីរពេទ្យ ក្នុងការពិនិត្យព្យាបាលកម្មករនៅតាមរោងចក្រ កាលពីចុងខែសីហា លោករដ្ឋមន្ត្រីបានបញ្ជាក់ពីគម្រោង បង្កើតមន្ទីរពេទ្យបង្អែកថ្មីមួយទៀតនៅស្រុករំដួល និងសាងសង់អគារមន្ទីរពេទ្យជាច្រើនខ្នងទៀតនៅមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តស្វាយរៀង ។
ប្រធានមន្ទីរសុខាភិបាលរូបនេះបានបញ្ជាក់ទៀតថា តាងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរជាមួយលោក អ៊ុ សំអាន ទីប្រឹក្សាក្រសួងសុខាភិបាល, លោកស្រី យក់ សម្បត្តិ អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ, លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស, លោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងលោកប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានចុះមកខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខមន្ត្រីរាជការ និងអ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និង ពិនិត្យមើលតម្រូវការចំបាច់មួយចំនួនរបស់មន្ទីរពេទ្យ ក្នុងការពិនិត្យព្យាបាលកម្មករនៅតាមរោងចក្រ ដែលមានជាង ៩ម៉ឺននាក់ ទូទាំងខេត្ត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ កន្លងមក។
លោក កែរ រដ្ឋា បានញ្ជាក់ថា តាមគម្រោងរបស់លោករដ្ឋមន្ត្រី នឹងបង្កើតមន្ទីរពេទ្យបង្អែកថ្មីមួយទៀតនៅស្រុករំដួល, ផ្តល់អគារសម្ភពនិងកុមារ នៅមន្ទីរពេទ្យបង្អែកស្វាយទាប ស្រុកស្វាយទាប, ផ្តល់អគារកំពស់៣ជាន់នៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត, ផ្តល់អគារសម្រាកមុន និងក្រោយសម្រាល នៅមណ្ឌលសុខភាពបាវិត ក្រុងបាវិត ហើយនិងបំពាក់ឧបករណ៍ បរិក្ខាពេទ្យទំនើបៗ និងរថយន្តសង្គ្រោះ នៅតាមបណ្តាមន្ទីរពេទ្យដែលមានរោងចក្រនៅក្បែរ ។
លោកបន្តថា នេះសបញ្ជាក់ ពីការយកចិត្តទុកពីសំណាក់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ ដែលជានិច្ចកាលតែងតែព្រួយបារម្មណ៍ពីសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការីនីធ្វើការនៅតាមរោងចក្រ សហគ្រាស ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
លោកប្រធានមន្ទីរបានលើកឡើងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង គាំទ្រយ៉ាងពេញទំហឹង និងទទួលស្គាល់នូវស្នាដៃដ៏ធំធេងក្នុងវិស័យសុខាភិបាល របស់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលខឹតខំប្រឹងប្រែងទាំងគំនិតប្រាជ្ញា ទាំងកំលាំងកាយចិត្ត ជំរុញវិស័យសុខាភិបាលឱ្យរីកចំរើនជាលំដាប់ ។
លោកបន្តថា ជាក់ស្តែងក្នុងរយៈពេល០៣ឆ្នាំនេះ ក្រសួងសុខាភិបាលបានអនុញ្ញាតិឱ្យបង្កើតស្រុកប្រតិបត្តិថ្មីចំនួន០១, មន្ទីរពេទ្យថ្មីចំនួន០២ និងមណ្ឌលសុខភាពចំនួន ០៣។ ហើយថ្មីៗនេះមន្ទីរពេទ្យខេត្តស្វាយរៀង ទើបតែបានទទួលបានអគារដ៏ធំស្កឹមស្កៃកំពស់០៣ជាន់ ១ខ្នង បំពាក់ដោយឧបករណ៍ បរិក្ខាពេទ្យទំនើបៗ ដែលគ្រោងនឹងសម្ភោធក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ៕