(សៀមរាប)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន វរសេនាតូចរៀបរយ និងបំប៉នជំនាញដែលមានកម្មសិក្សាការី១,៧៩៥នាក់ នៅកងពលធំលេខ២ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ បានបញ្ជាក់ថា កងទ័ពត្រូវយកចំណេះដឹងទៅបម្រើជាតិ មាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងបំផ្លាញសន្តិភាព ភាពរីកចម្រើនរបស់ប្រទេសជាតិ ពីសំណាក់ពួកអាយ៉ង់បរទេស។
ពិធីបិទវគ្គនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម បានកោតសសើរសិក្ខាកាម ដែលគោរពវិន័យល្អ ចេះសាមគ្គីគ្នា និងខិតខំរៀនសូត្រទទួលបានលទ្ធផលល្អផងដែរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់កងទ័ពទាំងអស់ នៅពេលហ្វឹកហ្វឺនលើកក្រោយត្រូវបន្ដយកចិត្តឲ្យបានល្អប្រសើរដូចលើកនេះ ពិសេសស្របតាមពាក្យស្លោកថា ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើសមរភូមិ៕