(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននាំយកអំណោយ និងថវិកាមួយចំនួន ធ្វើការប្រគល់ជូនទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងចំណងសាមគ្គីភាព រវាងស្ថាប័នទាំងពីរ និងចូលរួមដោះស្រាយជីវភាពយុទ្ធជន-យុទ្ធនារី ដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋាន និងនៅសមរភូមិ។

អំណោយទាំងអស់មានដូចជា កូនឈើក្រញូង ៣៥០ដើម, កូនឈើបេងចំនួន ១៥០ដើម, ថវិកាជូនកងទ័ព ៣៧២នាក់ (ក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល), ថវិកាជូនអង្គភាពទ័ព ២លានរៀល, គ្រឿងឧបភោគ-បរិភោគ រួមមានស្រាបៀ ៦០កេស, ទឹកក្រូច ២០កេស, មី ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ) ព្រមទាំងសម្ភារៈប្រើប្រាស់ (ស័ង្កសី ៣៣០សន្លឹក និងព្រំដំបូល ៧សន្លឹក) សុរបថវិកាស្មើនឹងទឹកប្រាក់ ១៣,៣០០,០០០រៀល និង៦,៣៩៨ដុល្លារអាមេរិក។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនចំពោះមេបញ្ជាការ មេបញ្ជការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌ ដែលនឹងចូលនាពេលដ៏ខ្លីខាងមុខ។

លោករដ្ឋមន្ត្រី បានលើកយកប្រវត្តិនៃការចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងពាណិជ្ជកម្ម និងបញ្ជាការដ្ឋានកងកាំភ្លើងធំ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជានាយករដ្ឋមន្ត្រី ដែលមកទល់បច្ចុប្បន្ន គឺមានរយៈពេល៣ឆ្នាំគត់ ហើយបានរួមចំណែកយ៉ាងច្រើន ក្នុងការដោះស្រាយជីវភាពរបស់កងទ័ព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ក៏ដូចជានៅតាមព្រំដែននៃសមរភូមិជួរមុខ។

បន្ថែមលើសនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព សម្រាប់ការស្តា និងអភិវឌ្ឍន៍ជាតិ ព្រមទាំងអំពាវនាវដល់កងទ័ពទាំងអស់ បន្តថែរក្សាសន្តិភាពដែលមានក្នុងពេលបច្ចុប្បន្ន ដើម្បីផ្តល់ឱកាសជូនប្រជាជនទាំងអស់ ធ្វើការអភិវឌ្ឍន៍គ្រួសារ និងសង្គមសេដ្ឋកិច្ច ឲ្យបានរីកចម្រើនដូចប្រទេសនានាក្នុងពិភពលោក។

គួររំលឹកដែរថា បន្ទាប់ពីកម្ពុជាបានសម្រេច បាននូវឯកភាពជាតិ និងរក្សាបានសុខសន្តិភាពគ្រប់ទីកន្លែង ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមដោយសេរីក្នុងការគោរព និងប្រតិបត្តិសាសនាផ្សេងៗទៅតាមជំនឿ។ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដោយចែកវេនគ្នាជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើការរៀបចំទេយ្យទាន និងគ្រឿងបរិក្ខាផ្សេងៗ សម្រាប់ប្រគល់ជូនមាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌនៅតាមទីអារាម និងសមាទានសីល៥ សីល៨ ឬសីល១០ ឬ បំពេញកុសលផ្សេងៗ។ លុះដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យធំ ឬជាថ្ងៃបង្ហើយ ប្រជាជនខ្មែរភាគច្រើន តែងនាំគ្នាធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត តាមប្រពៃណីព្រះពុទ្ធសាសនា៕