(ភ្នំពេញ)៖ នៅគ្រាដែលមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំនោះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានរំលេចឡើងថា ក្នុងការទំនាក់ទំនងជាមួយបរទេស អ្នកដឹកនាំត្រូវតែបែងចែកឲ្យបានច្បាស់នូវមូលដ្ឋានគ្រឹះនៃ ភាពជាម្ចាស់ និងភាពជាដៃគូ ប្រសិនបើបែងចែកវាមិនច្បាស់ទេ នឹងនាំឲ្យយើងក្លាយជាកញ្ជះរបស់បរទេសទៅវិញ។
សរសេរក្នុង Facebook ផ្លូការរបស់ខ្លួន លោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា អ្នកដឹកនាំត្រូវមានភាពជាអ្នកដឹកនាំ និងត្រូវតែស្គាល់ឱ្យច្បាស់នូវមូលដ្ឋានគ្រឹះនៃ «ភាពជាម្ចាស់ និងភាពជាដៃគូរ» បើមិនដូច្នោះទេនឹងក្លាយជា «ភាពជាកញ្ជះ» ហើយ!។
ក្នុងនាមអ្នកដែលមានបទពិសោធន៍ ក្នុងកិច្ចសហប្រតិបត្តិជាមួយបរទេស ក្នុងដំណើរការស្វែងរកជំនួយបោសសំអាតគ្រាប់មីននៅកម្ពុជា លោក ហេង រតនា បានលើកឡើងថា ក្នុងកិច្ចសហប្រតិបតិ្តការ ជាមួយដៃគូអភិវឌ្ឍន៍ទាំងឡាយ ក្នុងនាមជារដ្ឋឯករាជ្យ និងជាតិសាសន៍មួយថ្លៃថ្នូរ គេតែងតែអប់រំឲ្យគ្រប់គ្នា មានស្មារតីស្គាស់ឲ្យច្បាស់ នូវគោលការណ៍ភាពជាម្ចាស់ និងភាពជាដៃគូរ (ownership and partnership) យើងជាម្ចាស់ប្រទេស និងម្ចាស់លើជោគវាសនា របស់ប្រជាជាតិរបស់ខ្លួន ដូចនេះមិនអាចធ្វើអី្វៗ តាមការបង្គាប់បញ្ជារបស់ប្រទេសដទៃបានទេ ទោះបីជាអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនក៏ដោយ កុំថាឡើយស្ថាប័នជាតិ និងគណបក្សនយោបាយ។
លោក ហេង រតនា បានលើកឡើងទៀតថា ភាពជាដៃគូរសំដៅដល់កិច្ចសហប្រតិបតិ្តការ ដោយរក្សាបាននូវផលប្រយោជន៍ទៅវិញទៅមក ដោយគោរពភាពជាម្ចាស់រៀងៗខ្លួន។ ឧទាហរណ៍ថា បញ្ហាភាពក្រីក្រជាបញ្ហារបស់យើង តែគេជួយផ្តល់ជាជំនួយថវិកាគាំទ្រ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ។ ការដោះស្រាយភាពក្រីក្រ ក្នុងនាមម្ចាស់បញ្ហាយើងត្រូវតែបង្ហាញជំហរ និងគំនិតជាយុទ្ធសាស្ត្រដែលយើងចង់អនុវត្តដោះស្រាយភាពក្រីក្រនោះ តាមរបៀបយ៉ាងណា។
ដោយឡែកដៃគូយើងជាម្ចាស់លុយ ដូចនេះគេក៏មានភាពជាម្ចាស់លើលុយ ដែលត្រូវជួយយើងដែរ ដូចនេះយើងត្រូវរកធាតុចូលគ្នា យើងមានគំនិតមានយុទ្ធសាស្ត្រអនុវត្តតាមបែបបច្ចេកទេស ជំនាញរបស់យើងហើយខាងដៃគូ អាចផ្តល់ជាថវិកា និងលក្ខខណ្ឌ័ដែលធានាបាននូវការគោរពគ្នា ទៅវិញទៅមក ដែលអាចសំរេចគោលដៅរួមគឺ កាត់បន្ថយភាពក្រីក្រ។
អគ្គនាយករូបនេះបានលើកឡើងទៀតថា «តែបើយើងគ្មានបំណង គ្មានគំនិត ហើយចាំតែធ្វើតាមគេទាំងអស់យ៉ាងនេះ ពិតណាស់គ្មានទេភាពជាម្ចាស់ និងភាពនាក់ដឹកនាំ គឺមានតែភាពជាកញ្ជះប៉ុណ្ណោះ! មានអ្នកនយោបាយខ្លះ ចូលចិត្តយកបរទេសទៅអួត និងបោកកូនខែ្មរណាស់ ថាប្រទេសមហាអំណាចនេះ គេជួយអញ្ចេះគេគិតអញ្ចុះ ទើបមានប្រជាធិបតេយ្យពិតប្រាកដ! យើងឃើញជនជាតិខែ្មរ យើងមានគំនិតជាតិនិយមដ៍ខ្លាំងក្លាណាស់ដែរ ហើយរឿងជឿបរទេសប្រឆាំងជាតិ ឯងហ្នឹងក៏សំបូរគួរសមណាស់ដែរ។ បន្ទាប់ពីជឿជាក់ហើយ គឺអាងដេកដួលទាំងស្រុងតែម្តង ដូចជា អាងមហាអំណាចអាមេរិក អាង ICC អាងអ្នកនេះអាងអ្នកនោះ ដោយគ្មានអាងលើខ្លួនឯងនិងជាតិឯងសោះក៏មានដែរ។ នេះគេហៅថា គ្មានភាពជាម្ចាស់ទេ ហើយលទ្ធផលចុងក្រោយរលាយអាត្មាខ្លួនឯង ខាតបង់ជាតិ និងរលាយជាតិឯង ដោយសារភាពខ្សត់ខ្សោយខាងភាពជាម្ចាស់ ហើយមានតែអំណួតនិងអាងបរទេស»។
សូមជ្រាបថា ក្រោយចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា៕