(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយកណ្តាល ឃុំព្រែកថ្មី និងភូមិលេខ៦ ក្នងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បាននាំគ្នាសម្តែងនូវ ការព្រួយបារម្ភយ៉ាងខ្លាំងពីភាពអសន្តិសុខ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិ-ឃុំ របស់ពួកគាត់ នោះគឺអំពើចោរកម្ម កាច់កម៉ូតូ គាស់ផ្ទះ គាស់តូបលក់ដូរ និងគ្រឿងញៀនជាដើម។

ដោយសារតែអសន្តិសុខ និងអំពើចោរកម្ម គ្រឿងញៀនកើតពេញបន្ទុកខាងលើនេះ បាននាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ទាំងប្រុសទាំងស្រី លើកគ្នាទៅកាន់សាលាស្រុក និងអធិការដ្ឋានស្រុក សុំឲ្យអាជ្ញាធរ សមត្ថកិច្ចជួយផង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ការព្រួយបារម្ភបែបនេះ បន្ទាប់ពីមានករណីចោរលួចកាច់សោ-ក ម៉ូតូបាត់ជាបន្តបន្ទាប់ និងចោរលួចគាស់ផ្ទះ គាស់តូបលក់ដូរ និងចោរលួចផ្លែចេក ផ្លែស្វាយជាដើម ហើយករណីនេះបានកើតឡើងយ៉ាងកក្រើកក្នុងអំឡុង ៣-៤ខែចុងក្រោយ ក្នុងឆ្នាំ២០១៧ ដោយសារតែបញ្ហាបែបនេះ ប្រជាពលរដ្ឋស្នើសូមឲ្យសមត្ថកិច្ចជួយទប់ស្កាត់ និងលុបបំបាត់ ចោរលួច ចោរឆក់ រួមទាំងជួយទប់ស្កាត់ បង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀន កំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ នៅក្នុងមូលដ្ឋានពួកគាត់។

ស្រី្ត រ៉ា ឡេង ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ បាននិយាយថា កូនស្រីគាត់ត្រូវចោរលួចកាច់សោកម៉ូតូ យកទៅបាត់១គ្រឿងម៉ាកសេ១២៥ ក្នុងអំឡុងខែសីហា ហើយរហូតដល់ពេលនេះ មិនទាន់រកឃើញនៅឡើយ ចំណែកកូនស្រីរបស់អ្នកស្រី ចាប់តាំងពីចោរលួចម៉ូតូ បាត់ទៅចេះ តែភ័យព្រួយធ្លាក់ខ្លួនឈឺ អ្នកមីងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសន្តិសុខនៅក្នុងភូមិ-ឃុំគាត់ លុះថ្ងៃក្រោយមិនដឹងជាយ៉ាងណាយ៉ាងណីនោះទេ បើសព្វថ្ងៃនេះ ចោរចូលមាត់ចូលករទៅហើយ។

អ្នកស្រី រ៉ា ឡេង បានអំពាវនាវដល់សមត្ថកិច្ចជួយលុបបំបាត់ចោរលួច ចោរឆក់ និងគ្រឿងញៀន រួមទាំងល្បែងស៊ីសង និងសូមឲ្យជួយស្រាវជ្រាវ រកម៉ូតូគាត់ដែលចោរលួច
យកទៅនោះផង។

ចំណែកអ្នកមីង ហ៊ន ផលឡាង រស់នៅក្នុងភូមិលេខ៦ ឃុំសំពៅពូន ស្រុកកោះធំ បានបាត់ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពាក់ស្លាកលេខកណ្តាល 1R-9831 កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ខណៈអ្នកមីង ជិះម៉ូតូទៅផ្សារមេឃ ហៅផ្សារព្រែកសឹង ដោយបានចតនៅក្នុងបរិវេណផ្សារចាក់សោករត្រឹមត្រូវ​ រួចចូលទៅទិញម្ហូបបន្តិច ក្បែរម៉ូតូពេលទិញរួច ក្រឡេករកម៉ូតូនៅទៅនោះដដែលទេ លុះឆ្លងផ្លូវមកទិញអីវ៉ាន់ នៅផ្ទះគេក្បែរផ្សារនោះ ស្រាប់តែបាត់ម៉ូតូតែម្តង បើគិតរយៈពេលវិញប្រហែល ជា១៥នាទីសោះ វាលឿនខ្លាំងណាស់ រួចអ្នកមីង បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំពៅពូន ហើយនគរបាលបានប្រាប់ថាចាំលោកស្រាវជ្រាវឲ្យ។

អ្នកមីង ហ៊ន ផលឡាង បានបន្តថា កន្លងមកក្នុងអំឡុងខែសីហា មានករណីបាត់ម៉ូតូជាបន្តបន្ទាប់៤-៥គ្រឿងមកហើយ មិនទាន់ស្រាវជ្រាវរកឃើញ១គ្រឿង ណានៅឡើយនោះទេ ដូច្នេះហើយ អ្នកមីង ក៏ដូចជា បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងឃុំសំពៅពូនទាំងមូល សំណុំពរដល់សមត្ថកិច្ចត្រូវពង្រឹង និងជួយលុបបំបាត់រាល់ចោរលួច ចោរឆក់ រួមទាំងគ្រឿងញៀន និងល្បែងស៊ីសងនេះផង៕