(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង គ្រួសារទីទ័លក្រ ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ២៧៣ គ្រួសារ រស់នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលពិធីផ្ដល់អំណោយមនុស្សធម៌នេះ ប្រព្រឹត្តិទៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន សូភី។

នៅក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោក អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំសេចក្ដីផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះប្រជាពលរដ្ឋដែលមកទទួលអំណោយថ្ងៃនេះ ព្រមទាំងបានផ្ដល់នូវសារមួយចំនួនដែលមានខ្លឹមសារថា៖

១៖ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយសម្អាតបរិស្ថាននៅជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្កាមូសខ្លាខាំ។

២៖ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។

៣៖ សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងចូលរួមទប់ស្កាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ។

៤៖ ត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះជួយទុក្ខធុរៈគ្នា និងជៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងក្នុងសហគមន៍។

ប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជួបការលំបាក ដោយមិនប្រកាន់នូវនិន្នាការនយោបាយ។

អំណោយ ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕