(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត បានប្រកាសទៅសហរដ្ឋអាមេរិក ដែលជាប្រទេសតែងតែគាំទ្រ ការផ្ដូលរំលំនានានោះថា កុំព្យាយាមផ្ដួលរំលំកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ ដូចនៅមជ្ឈិមបូព៌ាឲ្យសោះ។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បន្ដប្រកាសចាត់វិធានការផ្លូវច្បាប់ ដើម្បីកម្ទេចចោលពួក ឬក្រុមដែលចង់បំផ្លាញសន្ដិភាព និងសេចក្ដីរបស់ប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឲ្យពួកក្បត់ជាតិទាំងនោះ រួចខ្លួនឡើយ ហើយក៏មិនអនុញ្ញាតឲ្យប្រព្រឹត្តតាមអំពើចិត្តដាច់ ទោះក្នុងតម្លៃណាក៏ដោយ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូមគោរពអធិបតេយ្យភាពរបស់កម្ពុជា មិនត្រូវប្រើប្រាស់វិធីផ្ដូលរំលំ តាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ទេ ព្រោះអ្វីដែល បានកើតឡើង នៅឯមជ្ឈិមបូព៌ា»។
នាយករដ្ឋមន្ដ្រីកម្ពុជា ដ៏មានឥទ្ធិពលដឹកនាំប្រទេស រហូតមានសន្តិភាពពេញលេញ ក៏បានប្រកាសយ៉ាងដាច់ណាត់ទៀតថា «យើងត្រូវបន្ដចាត់វិធានការ ដើម្បីកំចាត់ចោល ពួកក្រុមដែលបំផ្លាញជាតិ បំផ្លាញសេចក្ដីសុខរបស់ប្រជាជន យើងមិនបានធ្វើបាបអ្នកណាទេ អ្នកណាធ្វើខុស អ្នកណុងទទួលខុសត្រូវ យើងមិនទៅបំផ្លាញសេចក្ដីសុខ របស់អ្នកណាទាំងអស់ តែយើងក៏មិនអនុញ្ញាតឲ្យអ្នកណាបំផ្លាញសេចក្ដីសុខរបស់ជាតិ និងប្រជាជនបាននោះទេ សេចក្ដីសុខនេះសម្រាប់យើងទាំងអស់គ្នា»។
និយាយដល់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីភាពជូរចត់ កាលអតីតកាលនៅឆ្នាំ១៩៧០ ដែលកាលនោះខ្លោចផ្សាខ្លាំងណាស់ ហើយក៏រងទុក្ខវេទនាផងដែរ ដូច្នេះពលរដ្ឋកម្ពុជាត្រូវឃើញចំណុចអស់ទាំងនេះ ជាមួយនឹងការឈានឡើងទៅមុខ ហើយអ្វីដែលជាតម្រូវការមុនគេ គឺការរក្សាសន្ដិភាពឲ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ មិនអាចឲ្យបរទេសមកប្រើប្រាស់ជនជាតិខ្មែរ ដើម្បីសម្លាប់ខ្មែរតទៅទៀតនោះទេ។