(តាកែវ)៖ ផ្សារបុរីរស្មី ដែលវិនិយោគដោយអ្នកវិនិយោគទុនក្នុងខេត្តតាកែវ ក្នុងទំហំទឹកប្រាក់ជាង៣០លានដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការលក់ហើយ ចុងសប្ដាហ៍នេះ ដោយមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងលោក ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ។ ផ្សារបុរីរស្មី ដែលមានទីតាំងស្ថិតក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ត្រូវបានវិនិយោគដោយអ្នកស្រី ឥត រស្មី ដែលមានទីលំនៅក្នុងខេត្តតាកែវ។

ផ្សារនេះមានតូបប្រមាណ១ពាន់តូប ហើយក៏មានផ្ទះល្វែងព័ន្ទជុំវិញប្រមាណជាង២រយល្វែងផងដែរ។ លោកស្រី ឥត រស្មី ម្ចាស់គម្រោងវិនិយោគផ្សារបុរីស្មីបានសំដែននូវក្ដីរំពឹងថា «ការវិនិយោគផ្ទះល្វែង និងបង្កើតផ្សារនេះឡើង គឺយើងចង់ជួយបងប្អូនប្រជាពលរដ្ឋ ឲ្យមុខរបបបន្ថែមទៀត តាមរយៈមកលក់ដូទំនិញគ្រប់ប្រភេទ នៅក្នុងផ្សារជាពិសេសវា និងជួយដល់ប្រជាកសិករ ដែលដាំបន្លែបង្កាអាចយកមកលក់នៅផ្សារនេះ ដែលវានឹងជួយបង្កើនជីវភាពបងប្អូន ប្រជាកសិករឲ្យបានប្រសើរជាងមុនជាក់ជាពុំខាន»

លោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ បានសំដែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគផ្សារនេះ ដោយលោកចាត់ទុកថា គម្រោងវិនិយោគផ្សារនេះ ពិតជាបានផ្ដល់នូវផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេស វាបានហុចផលប្រយោជន៍ ដល់បងប្អូនកសិករឲ្យយកសកិផលរបស់ខ្លួនមកលក់នៅផ្សារនេះ។ បើទោះបីផ្សារនេះ ជាផ្សារវិនិយោគក៏ដោយក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធខេត្ត ហើយអាជ្ញាធ នឹងមិនឲ្យមានការយកលុយពីបងប្អូនប្រជាពលរដ្ឋ ដែលដាក់លក់នៅតាមកញ្រែងល្អី កញ្ជើនោះទេ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ការវិនិយោគកសាងសំណង់ផ្សារ និងផ្ទះល្វែងនេះបានធ្វើឲ្យខេត្តតាកែវកាន់តែមានការប្រែប្រួលមុខមាត់ឡើង ម្យ៉ាងទៀតការវិនិយោគនេះ ក៏បង្ហាញពីការជឿទុកចិត្ត មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍ លើគ្រប់វិស័យជាពិសេសបាននាំមកនៅសុខសន្តិភាព ការពារសន្តិភាពរហូតដល់បច្ចុប្បន្ននេះ៕