(ភ្នំពេញ)៖ បន្ទាប់ពីកើតនូវការធុញទ្រាន់ និងមិនចង់ឮតទៅទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសចង់ឲ្យពិភពលោកទាំងមូល លុបបំបាត់ចោលនូវពាក្យ «ឥស្លាម និយមជ្រុល» ព្រោះពួកជ្រុលនិយម មិនចាំបាច់តែថា នៅក្នុងឥស្លាមទេ នៅក្នុងជាតិសាសនាណា ក៏មានក្រុមជ្រុលនិយមដែរ។ (សូមស្តាប់ប្រសាសន៍របស់សម្តេច)
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌ នៃការប្រជុំនានានៅឯក្រៅប្រទេស មានបញ្ហាអ្វីឡើងគេតែងតែនិយាយថា ឥស្លាមនិយមជ្រុល ប៉ុន្ដែសម្ដេចអះអាងថា ជនជាតិណាសាសនាណា ក៏វាមានជ្រុលនិយមដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថាពិភពលោកគួរតែ ត្រូវប្ដូរនូវរបៀបនិយាយហើយ ព្រោះកន្លងទៅខ្ញុំធុញទ្រាន ខ្ញុំចង់ឲ្យគេដកពាក្យឥស្លាមចេញ ពួកជ្រុលនិយមមិនចាំបាច់តែថា នៅក្នុងឥស្លាមទេ នៅក្នុងសាសនាណា នៅក្នុងជាតិសាសនាណា ក៏មានក្រុមជ្រុលនិយមដែរ ដូច្នេះការប្រើពាក្យ ឥស្លាមនិយមជ្រុល គួរតែត្រូវបានបំបាត់ចោលនូវពាក្យខាងដើម គឺហៅថាពួកជ្រុលនិយម ក្នុងជ្រុលនិយមខ្មែរ ក៏វាមានជ្រុលនិយមដែរ»។
ជាមួយគ្នានោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រៀបធៀបថា កុំថាឡើងសាសនានោះ សូម្បីតែគ្រួសារមួយមានកូន៤-៥នាក់ វាមានខ្លះខូចដែរ ហើយវាមានចរិតជ្រុល និយមរបស់វា ដូច្នេះមិនត្រូវចោទតែទៅលើខាងណាមួយនោះទេ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កាលដែរប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២នោះ កម្ពុជាបានអនុម័តនូវក្របខណ្ឌគោលនយោបាយ អំពីការនិយមកណ្ដាល ដែលពេលនោះអាស៊ានបានសម្រេចទាក់ទង ជាមួយនឹងចលនាកណ្ដាលនិយម។