(កំពត)៖ ដីគម្របព្រៃឈើដែលជាដីរបស់រដ្ឋ ប្រមាណជាង៧ពាន់ហិកតា នៅចំណុចវាលវែង, វាលឈើត្រាវ, ទូកបែក, ខ្នាចបាយទា, អន្លង់ចាក និងជ្រោះផ្តាច់ព្រលឹង ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្រូវក្រុមមន្ត្រី និងជនខិលខូចមួយចំនួន ឃុបឃិតគ្នាជាប្រព័ន្ធលួចលក់ទៅឲ្យឈ្មួញក្នុងស្រុកម្នាក់ ដែលមានជនបរទេស ជាអ្នកចំណាយលុយឈរនៅពីក្រោយខ្នង ដោយឆ្លងតាមការបែកធ្លាយឯកសារពាក់ព័ន្ធ នឹងកំរៃជើងសារក្នុងបរិមាណដីចំនួន៧០០០ហិកតា ក្នុង១ហិកតា កំរៃជើងសារ៥០ដុល្លារ គឺស្មើនឹង៣៥ម៉ឺនដុល្លារអាមេរិក ដោយមានឈ្មោះអ្នកប្រគល់កំរៃជើងសារ គឺឈ្មោះ អ៊ូច រ៉ា និង ឃឹម សុខ។
រីឯអ្នកទទួលកំរ៉ៃជើងសារវិញឈ្មោះ អ៊ុក ឡាយ អតីតអភិបាលស្រុកទឹកឈូ និងឈ្មោះ ម៉ៅ យ័ន អតីតជាអភិបាលរងស្រុកទឹកឈូ។ ដីទាំង៧ពាន់ហិកតានេះដោយគ្មានឈ្មោះ ម្ចាស់ដីឡើយ ពីព្រោះដីទាំងអស់នោះស្ថិតក្នុងគម្របព្រៃឈើ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជនខិលខូចឃុបឃិតគ្នា ធ្វើជាម្ចាស់ដីស្រមោល លក់ក្នុង១ហិកតា តំលៃ៤០០ដុល្លា សហរដ្ឋអាមេរិ។ នេះបើតាមការលួចបង្ហើបពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដល់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។
បើតាមប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីខាងលើនេះ បានបន្តទៀតថា ដូច្នេះហើយ ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងមន្ត្រី និងជនខិលខូច ដែលមានឈ្មោះ ក្នុងការបែកធ្លាយឯកសារ តំលៃកំរៃជើងសារខាងលើនេះ ដែលធ្វើឲ្យពួកគាត់រស់នៅ ក្នុងភូមិសាស្ត្រមូលដ្ឋានជាក់ស្តែងចំនួន១០៣គ្រួសារ ដែលស្មើនឹងផ្ទៃដី ចំនួន៥៣២,១៣ហិកតា មិនត្រូវបាន ឬអូសបន្លាយក្នុងការចេញប័ណ្ណកម្មសិទ្ធដីធ្លី រហូតមកដល់ពេលនេះ។ ទោះបីពួកគាត់ទាំង១០៣គ្រួសារខាងលើ ខិតខំតវ៉ានៅថ្នាក់មូលដ្ឋាន រហូតមកដល់ថ្នាក់ខេត្តប៉ុន្មានដងហើយក្តី»។
ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋមួយក្រុមផ្សេងទៀត ដែលមកពីមជ្ឈដ្ឋានខាងក្រៅ គឺមិនមែនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះទេ ភាគច្រើនរស់នៅស្រុកដងទង់ ខេត្តកំពត មកអះអាងថា ពួកគេមានដី នៅក្នុងភូមិសាស្ត្រ ភូមិព្រៃពាយ ដែលជាដីជាន់លើគ្នាហ្នឹងផងដែរ ស្របពេលដែលក្រុមការងារវាស់វែងជូនប្រជាពលរដ្ឋក្នុង១០៣គ្រសារខាងលើរួច ហើយ ថែមទាំងបានបិតប្រកាសជាផ្លូវការ នៅសាលាឃុំត្រពាំងភ្លាំងរួចរាល់ហើយទៀតផងដែរ។
ដោយសារមានប្រជាពលរដ្ឋមួយក្រុមថ្មី ប្រមាណជិត២០០នាក់ ដែលភាគច្រើន មកពីស្រុកដងទង់ខាងលើ ហើយដែលគេសង្ស័យថា មានការពាក់ព័ន្ធជាប្រព័ន្ធ ជាមួយមន្ត្រី និងជនខិលខូច ក្នុងឯកសារកំរៃជើងសារ ក្នុងនោះក៏មានមន្ត្រីធំៗពាក់ព័ន្ធមួយចំនួន និងជនខិលខូចជាច្រើនទៀត ដែលនៅពីក្រោយខ្នង នៃក្រុមប្រជាពលរដ្ឋ ដែលរួមគ្នា តវ៉ាជំទាស់ ធ្វើយ៉ាងណា រំខានរារាំងក្នុងការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារនេះទោះបីក្នុងកាលៈទេសៈណាក៏ដោយចុះ។
ប្រជាពលរដ្ឋបានបន្តថា «បញ្ហាទាំងនេះហើយ ដែលធ្វើឲ្យអាជ្ញាធរ ឬស្ថាប័នជំនាញពាក់ព័ន្ធនានា រួមទាំងគណៈអភិបាលខេត្តផង មានការឈឺក្បាលដោះស្រាយមិនចេញ ដោយសារមានក្រុមប្រជាពលរដ្ឋថ្មីៗ ទាំងអស់ហ្នឹងហើយ។ ដូច្នេះពួកយើងទាំង១០៣គ្រួសារ ស្នើសុំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធទាំងពីថ្នាក់ខេត្ត រហូតដល់ក្រសួង ជួយវែកមុខមន្ត្រី និងជនខិលខូច ដែលតែងតែរំខាន ហើយបង្កើតបញ្ហា យកមកចាត់ការតាមច្បាប់ និងស្នើរសុំពន្លឿននៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ដែលបានបិតប្រការចប់តាមនីតិវិធី ជាយូរមកហើយ ឲ្យបានឆាប់ផង ដើម្បីឲ្យឱកាសក្នុងការចូលទៅធ្វើស្រែចម្កា បង្កបង្កើនផល សម្រាប់បង្កើនជីវភាពរស់នៅប្រចាំថ្ងៃ»។
ជាមួយការចោទប្រកាន់ខាងលើនេះ លោក ម៉ៅ យ័ន អតីតអភិបាលរងស្រុកទឹកឈូ បានឲ្យដឹងថា ចំពោះកំរៃជើងសារ ដែលមានស្នាមមេដៃរបស់រូបលោកក្នុងឯកសារនោះ ដែលមានទឹកប្រាក់៣៥ម៉ឺនដុល្លារ និងទឹកប្រាក់មួយចំនួនធំផ្សេងទៀត ដែលពាក់ព័ន្ធនិងផ្ទៃដី ជាង៧ពាន់ហិកតា នៅភូមិព្រៃពាយនោះ រូបគាត់ចាញ់បោកគេទេ គឺពួកគេស៊ីដាច់លុយទាំងអស់ ហើយក៏អត់បានទទួលលុយ១រៀល១រយដែរ ដោយមាន ឈ្មោះ ទី តក់ និង ឈ្មោញ ខឹម សុខ ជាអ្នកទទួលកាន់លុយរត់ការ។ ដោយឡែក លោក អ៊ុក ឡាយ អតីតអភិបាលស្រុកទឹកឈូ និងជនពាក់ព័ន្ធមួយចំនួនទៀត អង្គភាព Fresh News មិនអាចរកការទំនាក់ទំនងបានទេ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។
[Forwarded from B Pheak 088]
មន្ត្រីរដ្ឋបាលព្រៃឈើ ដែលមានភារកិច្ច ក្នុងក្រុមការងារវាស់វែងដីធ្លីនោះ បានបង្ហើបឲ្យដឹងថា ដីក្នុងភូមិព្រៃពាយនេះ គឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយនៅមុនបទបញ្ជា
លេខ០១បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០២ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាស ស្តីពីការបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តាព្រៃឈើ «ស្ទឹងកែវ» លេខ៥៧១ ប្រក-កសករ ចុះថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១១។លុះដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសជណ លេខ១៤០២ ដោយមានចំណាង របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាត់ដី ៥២៣,១៣ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្ម ជាកម្មសិទ្ធ ជូនប្រជាពលរដ្ឋ ១០៣គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំភ្លាំង ស្រុកឈូក ខេត្តកំពត ដោយរាជរដ្ឋាភិបាលបានសម្រេចយល់ព្រមតាមសំណើរ របស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សុរិយោដី ដើម្បីអនុញ្ញាតឲ្យខេត្ត ធ្វើការចុះបញ្ជី ដោយត្រូវអនុវត្តនីតិវិធីនៃការចុះបញ្ជីដី ស្របតាមសេចក្តីណែនាំ លេខ០១៨សណន/កគដ ចុះថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១២ របស់ក្រុមប្រឹក្សាគោលនយោបាយ ដីធ្លីដូចដែលបានអនុវត្តន៍ក្នុងយុទ្ធនាការ កន្លងមក។
បើតាមលោក អ៊ុក ចាន់ ប្រធានក្រុមការងារវាស់វែងដីធ្លីនៅសេះសល់ ឬបន្តពីបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុង១០៣គ្រួសារខាងលើ
ក្រុមការងារបានវាស់វែង ជូនពួកគាត់រួចរាល់អស់ហើយ ដោយអនុវត្តទៅតាម (សជណ) របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរាល់ការទំនាស់ផ្សេងៗ ដែលពាក់ព័ន្ធក្បាលដី របស់១០៣គ្រួសារនេះ ក៏មានវត្តមាន លោក ជឹង ផល្លា អភិបាលរងខេត្ត និងលោក ស៊ឹម វុទ្ធា អភិបាលរងខេត្តកំពត បានចុះដោះស្រាយ ជាច្រើនដងរួចរាល់ហើយដែរ មុនពេល
បិតផ្សាយនោះ។ ប៉ុន្តែប្រជាពលរដ្ឋរហូតមកដល់ពេលនេះ មិនទាន់ទទួលបាននូវប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ម្នាក់ៗនៅឡើយទេ។
លោក អ៊ុក ចាន់ បន្តឲ្យដឹងទៀតថា ចំពោះប្រជាពលរដ្ឋផ្សេងៗទៀត ដែលមានដីនៅជាប់ ប្រជាពលរដ្ឋទាំង១០៣គ្រួសារ ដែលមាន (សជណ) រួចនោះ ក៏ក្រុមការងារវាស់វែងថ្នាក់ខេត្ត ក៏បានវាស់វែងរួចហើយដែរ គឺប្រមាណ១៤០គ្រួសារទៀត ហើយក្រុមការងារកំពុងរៀបចំធ្វើសំណើរ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចេញប័ណ្ណកម្មសិទ្ធ ជូនពួកគាត់ដូច ប្រជាពលរដ្ឋ១០៣គ្រួសារផងដែរ៕