(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការនូវវិហារឥស្លាមជើមៀក ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានមានប្រសាសន៍ថា ជំនឿសាសនា និងជាតិសាសន៍នៅកម្ពុជា មិនមែនជាឧបសគ្គសម្រាប់ការអភិវឌ្ឍប្រទេសនោះទេ។ (សូមស្តាប់ប្រសាសន៍សម្តេច)
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ ហើយតាំងពីគណបក្សប្រជាជនដឹកនាំប្រទេស អស់រយៈកាលជិត៣៩ឆ្នាំ កន្លងផុតទៅ សុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ត្រូវបានធ្វើយ៉ាងល្អប្រសើរ។ ប្រទេសកម្ពុជាគ្មានជំលោះសាសនានោះទេ ហើយចំណុចនេះខ្ញុំតែងតែបញ្ជាក់ជារឿយៗថា សាសនាខុសគ្នា ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គរារាំងនៃការកសាងប្រទេសនោះទេ»។
ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បន្តថា ពិតមែនតែនៅប្រទេសកម្ពុជាមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែរដ្ឋាភិបាលមិនបានមើលរំលង ចំពោះសាសនាដទៃទៀតទេ ក្នុងនោះសាសនាឥស្លាមដែលជាសាសនាទី២ បន្ទាប់ពីព្រះពុទ្ធសាសនា និងសាសនាគ្រិស្ដក៏រដ្ឋមិនបានបោះបង់ចោលផងដែរ ដោយបានចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយបានដោះស្រាយបញ្ហាជាបន្តបន្ទាប់។
នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងអ្នកកាន់សាសនាឥស្លាម និងប្រជាពលរដ្ឋទូទៅរាប់ពាន់នាក់ បានសម្តែងក្តីរីករាយ និងមោទនភាពជាខ្លាំង ចំពោះសុខដុមនីយកម្មផ្នែកសាសនានៅក្នុងប្រទេសកម្ពុជា ដែលជាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕