(ស្វាយរៀង)៖ នាយកបេឡាជាតិ អតីតយុទ្ធជន លោក រឿន រិទ្ធីរ័ត្ន បានផ្ញើសារដាស់តឿនក្រើនរំលឹក ដល់មន្រ្តីនៅមូលដ្ឋានគ្រប់សាខាខេត្ត និងស្រុក របស់បេឡាជាតិអតីតយុទ្ធជនទាំងអស់ ឲ្យខិតខំបំពេញការងារស្នូលរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ កុំធ្វើជាមន្រ្តីជើងដប់ឲ្យសោះ ជាពិសេសត្រូវចុះដល់មូលដ្ឋាន ដើម្បីស្វែងយល់ពីទុក្ខលំបាក និងជួយដោះស្រាយរាល់ បញ្ហាប្រឈមនានា របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល លើវិស័យអតីតយុទ្ធជន។

ការលើកឡើងខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងឱកាសដែល លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងឲ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង អញ្ជើញដឹកនាំក្រុមការងារ សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារអតីតយុទ្ធជន នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ជាមួយគ្នានោះ លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង បានលើកឡើងថា ក្រុមការងារទាំងអស់ ត្រូវខិតប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់បម្រើ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកែទម្រង់ពីមួយឆ្នាំ ទៅ១ឆ្នាំ។ យើងត្រូវមើលឃើញទាំងអស់គ្នា ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ រហូតដល់ថ្នាក់កំពូល យើងមិនត្រូវមើលស្រាលរាជរដ្ឋាភិបាលនោះទេ។

លោកស្រី គង់ គីណា បានបន្ថែមថា ក្រោយពីការកែទម្រង់របស់រាជរដ្ឋាភិបាលរួចមក ការបើកប្រាក់របបគលនយបាយផ្សេងៗ របស់បងប្អូនទាំងអស់ ទទួលបានលឿនជាងមុន ដែលអាចជួយសម្រូលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូន បានថែមមួយកម្រិតទៀត។

លោកស្រី ប្រធានមន្ទីរ បានស្នើឲ្យមន្រ្តីពាក់ព័ន្ធ រាយការណ៍ព័ត៌មាន ឲ្យបានច្បាស់លាស់ និងរហ័ស ទាក់ទងនឹងប្រជាពលរដ្ឋ ដែលជាជនរងគ្រោះពិតប្រាកដ ដែលមិនបានដឹងពីការបើកប្រាក់ សូមផ្តល់ព័ត៌មានឲ្យមន្ទីរសង្គមកិច្ចខេត្តឲ្យបានដឹង និងអន្តរាគមន៍ជាក់ស្តែងផង។

នាឱកាសនោះផងដែរ លោកនាយកបេឡាជាតិអតីតយុទ្ធជន និងលោកស្រីប្រធានមន្ទីរ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ នាំយកនូវអំណោយ និងថវិកា ចែកជូនអតីតយុទ្ធជនក្រីក្រនិងមានជំងឺប្រចាំកាយ និងគ្រួសារអតីតយុទ្ធជនក្រីក្រ ពីរគ្រួសារនៅមូលដ្ឋាន ដោយ១គ្រួសារទទួលបាន ៖ អង្ករពីរបាវ (៥៥គីឡូក្រាម) ទឹកត្រីមួយយួរ ទឹកស៊ីអីវមួយយួរ ត្រីខកំប៉ុងពីរយួរ ស្ករសពីរគីឡូក្រាម ប៊ីចេងពីរកញ្ចប់ សារុងមួយ ភួយមួយ ក្រមាមួយ និងថវិកា ១០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់បានមួយរយៈ៕