(ភ្នំពេញ)៖ រាជរដ្ឋាភិបាល អង្គការសហជីព សមាគមនិយោជក អង្គការអន្តរជាតិខាងការងារ (ILO) និងភាគីពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ នៅសណ្ឋាគារទ្បឺរ៉ូយ៉ាល់ភ្នំពេញ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនេះ រៀបចំទ្បើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារនេះ ព្រមទាំងប្រមូលធាតុចូល ជាមូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ពីសិក្ខាកាមទាំងអស់ដែល មានវត្តមាននាពេលនេះ ជាពិសេសពីភាគីតំណាងកម្មករនិយោជិត និងនិយោជក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងការងារបានរៀបចំក្រុមការងារ និងដឹកនាំកសាងសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងយុត្តិធម៌។ ក្រោមជំនួយបច្ចេកទេសពីអង្គការ ILO ក្រុមការងារកសាងសេចក្តីព្រាងច្បាប់របស់ក្រសួង រួមជាមួយគណៈប្រតិភូត្រីភាគី បានសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ល្អៗ ពីប្រព័ន្ធដោះស្រាយវិវាទការងារ និងប្រព័ន្ធតុលាការការងារ នៅតាមបណ្តាប្រទេសមួយចំនួន ដូចជា អូស្រ្តាលី ជប៉ុន និងសិង្ហបុរី នៅចុងឆ្នាំ២០១៥ និងបានបញ្ចប់ការតាក់តែង សេចក្តីព្រាងច្បាប់បឋម ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបានផ្ញើជូនភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីពិនិត្យ និងផ្តល់យោបល់ ក្នុងនោះ ក្រសួងបានទទួលមតិយោបល់ និងធាតុចូលបន្ថែមសំខាន់ៗពីអង្គការ ILO កាលពីខែមករា ឆ្នាំ២០១៧ និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីខែមេសា ឆ្នាំ២០១៧។

លោករដ្ឋមន្រ្តីបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ គឺជាលិខិតបទដ្ឋានគតិយុត្តថ្មីមួយទៀត ដែលបានបង្កើតឱ្យមានជាប្រព័ន្ធដោះស្រាយវិវាទការងារមួយពេញលេញ រួមទាំងការជំនុំជម្រះរឿងក្តីការងារ ដោយតុលាការងារផងដែរ។ ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយដែលនឹងរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការធានានូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជារួមចំណែកក្នុងការដោះស្រាយវិវាទការងារឱ្យកាន់តែមានប្រសិទ្ធភាព បន្ថែមលើយន្តការនៃការដោះស្រាយវិវាទដែលមានស្រាប់។

សូមបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយវិវាទបុគ្គលចំនួន ៧០ករណី សះជាចំនួន ៦ករណី មិនសះជាចំនួន ៥៦ករណី និងមោឃៈចំនួន ៨ករណី និងដោះស្រាយវិវាទការងាររួមចំនួន ១៥ករណី សះជា៣ករណី និងមិនសះជាចំនួន ១២ករណី៕