(ភ្នំពេញ)៖ ចាប់ពីខែវិចិ្ឆកានេះតទៅ ប្រជាជនកម្ពុជាអាចចូលរួមធ្វើជាសាក្សី នៃគុណភាពដ៏រឹងមាំរបស់ស៊ីម៉ងត៍ ដែលផលិតក្នុងស្រុកបានហើយ ដោយក្រុមការងាររបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួន ទូទាំងកម្ពុជា ចាប់ពីថ្ងៃទី៤ខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ២០១៧ ដើម្បីឲ្យអ្នកប្រើប្រាស់ យល់កាន់តែច្បាស់ នូវគុណភាពនៃស៊ីម៉ងត៍ ដែលជាផលិតក្នុងស្រុកមួយនេះ។

លោកឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានថ្លែងថា៖ «យើងចង់ឲ្យប្រជាជនកម្ពុជា បានស្គាល់កាន់តែច្បាស់ ក៏ដូចជាធ្វើ ជាសាក្សីនូវគុណភាពដ៏រឹងមាំពនៃស៊ីម៉ងត៍ ដែលផលិតនៅក្នុងទឹកដីកម្ពុជា ស៊ីម៉ងត៍របស់យើងមានគុណភាពល្អ មិនចាញ់ផលិតផលនាំចូលពីបរទេសដែរ។ វាជាស៊ីម៉ងត៍ដ៏រឹងមាំបំផុតមួយក្នុងស្រុក ដែលជាទីមោទនភាពរ បស់ប្រជាជនកម្ពុជាគ្រប់រូប»

លោកឧកញ៉ា បន្ថែមថា សម្រាប់ថ្ងៃទី៤ និងទី៥ ខែកញ្ញានេះ ក្រុមការងារក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ ហើយអតិថិជនអាចចូលរួមថតរូប ដើម្បីឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយនៅថ្ងៃទី៦និងទី៧ ខែកញ្ញា នេះក្រុមការងារជំនាញរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន នឹងបន្តធ្វើដំណើរ ទៅជួបប្រជាជនកម្ពុជា នៅផ្សារអូឬស្សី និងផ្សារអូឡាំពិក ដោយមានការផ្តល់នូវព័ត៌មាន ពីផលិតផលថ្មីៗ ការលេងល្បែងកម្សាន្តដើម្បីយករង្វាន់ ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។ ប្រជាជនកម្ពុជា អាចចូលរួមពិសោធន៍គុណភាពស៊ីម៉ងត៍របស់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងការបង្ហាញនូវបច្ចេកទេសក្នុងការបូកស៊ីម៉ងត៍ឲ្យបានរលោងស្អាតហើយធានាគុណភាពកាន់តែជាប់បានយូរ។

ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជួយប្រជាជនកម្ពុជាឲ្យកសាង គេហដ្ឋាន ក៏ដូចជាសំណង់អគារផ្សេងៗនៅទូទាំងប្រទេសប្រកបដោយគុណភាពខ្ពស់មានទំនុកចិត្ត សុវត្ថិភាព និងភាពជឿជាក់ដោយសារតែផលិតផលស៊ីម៉ងត៍នេះត្រូវបានកែលម្អ និងផលិតឡើងដោយយកចិត្តទុកដាក់ពីអ្នកជំនាញខ្មែរ និងបរទេសជាច្រើននាក់ដើម្បីធានានូវគុណភាពតាមស្តង់ដារអន្តរជាតិ។

ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កំពុងតែរៀបចំបើកដំណើរការរោងចក្រស៊ីម៉ងត៍ថ្មី ដ៏ទំនើបបំផុត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកទូកមាស ខេត្តកំពត ជាមួយនឹងការចំណាយទុន ទឹកប្រាក់ ចំនួន២៦២លានដុល្លារអាមេរិក ដែលនឹងចាប់ផ្តើមដំណើរចាប់ពី ខែវិច្ឆិកាឆ្នាំ ២០១៧ នេះតទៅ។ រោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន នេះនឹងក្លាយជារោងចក្រស៊ីម៉ងត៍ ដែលធំជាងគេនិងទំនើបបំផុតដោយប្រើបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ។អតិថិជន នឹងទទួលបានផលិតផលស៊ីម៉ងត៍ ពីវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់បំផុត ជាមួយនឹងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាចុងក្រោយបង្អស់។

ការវិនិយោគដ៏ធំរួមមួយនេះបានចាប់ផ្តើមឡើងនៅចុងឆ្នាំ២០១៥ ដោយក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានច្របាច់បញ្ចូលគ្នារវាងទីផ្សារក្នុងស្រុក និងការចែកចាយទីផ្សាររបស់ក្រុមហ៊ុន ជីបម៉ុងគ្រុបកម្ពុជា ជាមួយនឹងក្រុមហ៊ុន ស៊ីម៉ងត៍ស្យាម របស់ថៃដែលជាអ្នកជំនាញ ខាងវិស័យសាងសង់ ជាច្រើនទសវត្សរ៍មកហើយ។ ការវិនិយោគរួមនេះ ផ្តល់ជំហរដ៏រឹងមាំបំផុត ក្នុងការកំណត់នូវតម្រូវការ និងការចង់បានរបស់អតិថិជនដៃគូ ដែលជាជាងសំណង់ និងអ្នកសាងសង់ផ្ទះគ្រប់រូបនៅក្នុងទីផ្សារកម្ពុជា ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ៕