(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះហើយ នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី AFC Asian Cup 2019។ ទន្ទឹមនឹងការប្រកួតដ៏សំខាន់នេះ លោក Leonardo Vitorino គ្រូបង្វឹកក្រុមគោព្រៃ ក៏បានបង្ហាញសារខ្លីមួយ ដើម្បីជំរុញលើកទឹកចិត្តកូនក្រុមឲ្យខិតខំស្វែងរកជ័យជម្នះជូនអ្នកគាំទ្រ និងជាតិរបស់ខ្លួនផងដែរ។
សារពីគ្រូបង្វឹកជនជាតិប្រេស៊ីលលោក Leonardo ដែលបានលើកឡើងខាងលើគឺ «យើងត្រូវមានសង្ឃឹម ដើម្បីសម្រេចអ្វីមួយ»។ សារដែលជាគន្លឹះ សម្រាប់លើកទឹកចិត្តឲ្យកូនក្រុមត្រៀមខ្លួន ដើម្បីទប់ទល់ជាមួយក្រុមខ្លាំងវៀតណាមស្អែកនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតផ្លូវការ នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ហើយលោកក៏បានថ្លែងដូច្នេះ នៅចំពោះមុខគ្រូបង្វឹក និងកីឡាករជម្រើសជាតិវៀតណាមផ្ទាល់ទៀតផង»។
លោក Leonardo បាននិយាយថា កីឡាករត្រៀមជួបក្រុមជម្រើសជាតិវៀតណាមស្អែកនេះ ភាគច្រើនគឺជាកីឡាករក្មេងៗ ដែលទើបបញ្ជូនទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងទៅ។ ប៉ុន្ដែពួកគេក៏បានព្យាយាមហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះដែរ។ អតីតគ្រូបង្វឹកក្លឹប Lanxang United របស់ឡាវរូបនេះបញ្ជាក់ថា លោកនៅតែជឿជាក់លើកីឡាករកម្ពុជា ថាពួកគេនឹងធ្វើបានល្អ សម្រាប់ប្រកួតជាមួយវៀតណាមស្អែកនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា កំពុងឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល C បណ្ដោះអាសន្ន និងកាន់ ៣ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងចាញ់១ ពោលគឺឈ្នះអាហ្វហ្គានីស្ថានក្នុងដី ១-០ ក្នុងទឹកដី និងចាញ់ម្ចាស់ផ្ទះហ្ស៊កដានី ៧-០។ ចំណែកវៀតណាម កំពុងឈរលេខ៣ និងមាន២ពិន្ទុ ដេញតាមពីក្រោយកម្ពុជា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតដូចគ្នា ស្មើទាំង ២ដង គឺស្មើហ្ស៊កដានីក្នុងដី ០-០ និងស្មើអាហ្វហ្គានីស្ថានក្រៅដី ១-១។ ដូច្នេះការប្រកួតស្អែកនេះ គឺជាជំនួបដ៏សំខាន់ ដោយក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីឆ្ពោះទៅវគ្គបន្ដ៕