(កំពង់ចាម)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រិត» បានរៀបចំព្រឹត្តិការណ៍ និងជាសកម្មភាពក្នុងសង្គម ដើម្បីចូលរួមថែរក្សាបរិស្ថាន តាមដងទន្លេ នាខេត្តកំពង់ចាម កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានសហការជាមួយនឹងសាលាក្រុង បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកចូលចិត្តហាត់ប្រាណ ចូលរួមថែរក្សាបរិស្ថាន ទាំងអស់គ្នា។
អគ្គនាយក គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត បានថ្លែងឲ្យដឹងថា «លោកពិតមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមការងារសង្គម ជាមួយគណៈអធិបតី មន្រ្តីរាជការ បុគ្គលិកថ្នាក់គ្រប់គ្រង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមាននៅទីនេះ។ ការចូលរួមកិច្ចការសង្គមនៅថ្ងៃនេះ គឺជាការសហការគ្នារវាងសាលាក្រុង មន្ទីរបរិស្ថានខេត្ត បងប្អូនអ្នក ហាត់ប្រាណ និងបុគ្គលិក អម្រឹត ដែលបានផ្តួចផ្តើមគំនិតនេះឡើង ក្នុងគោលបំណងសម្អាតបរិស្ថាននៅតាម ដងទន្លេ និងការហាត់ប្រាណ ដើម្បីសុខភាព។ មិនតែប៉ុណ្ណោះ អម្រឹត ក៏បាននាំមកនូវអំណោយ ជាសម្ភារមួយចំនួន សម្រាប់ដាក់នៅតាមសួនច្បារ សាធារណៈតាមមាត់ទន្លេផងដែរ!»។
លោកបានបន្តថា «អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៩១ ក្រោមរូបភាពដំបូងជាគម្រោងឥណទានរបស់ អង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា ហ្គ្រេត (GRET) ហើយ អម្រឹត បានចូលមកធ្វើប្រតិបត្តិការដំបូងក្នុង ខេត្តកំពង់ចាមតាំងពី ខែមករា ឆ្នាំ១៩៩៩ មកម៉្លេះ។ រហូតមកដល់ពេលនេះ អម្រឹត បានធ្វើប្រតិបត្តិការនូវទូទាំង ខេត្តកំពង់ចាម ដែលមានចំនួន ៥២២ភូមិ ៩៤ឃុំ ០៩ស្រុក និងក្រុង០១។ គិតត្រឹម ខែកក្តដា ឆ្នាំ២០១៧ អម្រឹត មានបុគ្គលិកសរុបចំនួន ៤,០៦០ នាក់ ដែលកំពុងប្រតិបត្តិការ ១៥២ សាខាសរុបទូទាំងប្រទេសកម្ពុជា ជាមួយនឹងគណនីប្រាក់កម្ចីចំនួនប្រមាណ២៩៤,៤៧៥ គណនី សរុបជាទឹកប្រាក់ ប្រមាណ ៦៣៨ លានដុល្លារអាមេរិក និងគណនីដាក់ប្រាក់បញ្ញើចំនួនប្រមាណ ៣៦៤,៨៤៩ គណនី សរុបជាទឹក ប្រាក់ប្រមាណ ៣៣៦ លានដុល្លារអាមេរិក ហើយមានទ្រព្យសកម្មសរុប ចំនួនប្រមាណ ៧៦៧ លានដុល្លារ អាមេរិក។ អម្រឹត មានផ្តល់សេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ ទូដកប្រាក់ ដោយស្វ័យប្រវត្តិ (ATM) សេវាសន្សំចល័ត និងមានសេវាជាច្រើនផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋទូទាំងប្រទេស»។
សូមបញ្ជាក់ថា អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលតែងតែយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ចំពោះកិច្ចការសង្គម និងបរិស្ថាន។ ដោយឡែកនៅខេត្តកំពង់ចាម អម្រឹត ក៏បានចូលរួមចំណែក ដើម្បីថែទាំសុខុមាលភាពរបស់ ប្រជាពលរដ្ឋតាំងពី ឆ្នាំ២០១៣ ដោយធ្វើការឧបត្តម្ភ ដល់ក្រុមអ្នកហាត់ប្រាណនៅរៀងរាល់ល្ងាច ថ្ងៃសៅរ៍ ដែលមានអ្នកចូលរួមប្រហែល១០០ អ្នកផងដែរ។ បើគិតពីឆ្នាំ២០១១មកដល់ពេលបច្ចុប្បន្ន អម្រឹត ឧបត្តម្ភដល់ក្រុមអ្នកហាត់ ប្រាណចំនួន១២ទីតាំង ផ្សេងគ្នា នៅទូទាំងប្រទេសកម្ពុជា
ឆ្លើយតបទៅនឹងសកម្មភាពក្នុងថ្ងៃនេះ សូមសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជួយការពារ និង ថែរក្សាបរិស្ថាន ឲ្យបានល្អស្អាតជាប្រចាំ និងចូលរួមហាត់ប្រាណ ទាំងអស់ដើម្បីសុខភាពល្អ៕