(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ លោកស្រី ឃួន ឃុនឌី បានជំរុញឱ្យមន្ត្រីរាជការក្នុងខេត្តកំពង់ធំទាំងអស់ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីប្រែក្លាយជារដ្ឋបាលសាធារណៈដ៏មានប្រសិទ្ធភាពមួយ ដែលស្មោះត្រង់ជាមួយប្រជាពលរដ្ឋ។
លោកស្រី ឃួន ឃុនឌី បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការចូលនិវត្តន៍ការបាត់បង់សម្បទាវិជ្ជាជីវៈ របស់របស់មន្ត្រីរាជការស៊ីវិល នៅសាលប្រជុំខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់ លោក ស សាម៉ីឌី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននីតិកម្ម និងវិវាទមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ និងលោក មាស ពេជ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រង មុខងារសាធារណៈ។
លោកស្រី ឃួន ឃុនឌី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យសំខាន់ៗរួមមានទី១៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ,ទី២៖ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌,ទី៣៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, និង៤៖ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។
លោកស្រី សង្ឃឹមថា សមាជិកដែលបានចូលរួមសិក្ខាសាលានេះ នឹងយកចិត្តទុកដាក់ទៅលើកំណែ ទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសមួយសម្រាប់ មន្ត្រីរាជការទាំងអស់ចូលរួម កសាងនូវរដ្ឋបាលសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព៕