(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយពង្រឹងការអនុវត្តតួនាទី និងភារកិច្ចសាស្រ្តាចារ្យ សំដៅពង្រឹងគុណភាពសិក្សា ស្រាវជ្រាវ សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណល្អប្រពៃ របស់ខ្លួនបន្ថែមទៀត ដោយមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ នៅទីតាំងគោលរាជធានីភ្នំពេញ ចូលរួមសរុបប្រមាណ ២៥០នាក់ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
បន្ទាប់ពីមតិស្វាគមន៍បើកអង្គប្រជុំរបស់ លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា អង្គប្រជុំក៏បានស្តាប់បទឧទ្ទេសនាម និងការចូលរួមយោបល់ល្អៗ របស់វាគ្មិនលើប្រធានបទជាច្រើនទាក់ទង ការពង្រឹងការអនុវត្ត តួនាទីភារកិច្ចរបស់សាស្រ្តាចារ្យ និស្សិត បុគ្គលិកសិក្សា ពីសាស្រ្តាចារ្យបណ្ឌិតជាច្រើនរូប។
អង្គប្រជុំសម្រេចបានលទ្ធផលដូចតទៅ៖
ទី១៖ អបអរសាទរចំពោះលទ្ធផល និងសមិទ្ធិផលដែលសាកលវិទ្យាល័យ សម្រេចបានសន្ធឹកសន្ធាប់ ដែលបម្រើដល់វិស័យសិក្សា-ស្រាវជ្រាវ ពិសេសអបអរសាទរចំពោះកំណើន អត្រាចុះឈ្មោះចូលរៀន៤១% និងអត្រានិស្សិតមានការងារធ្វើ រហូតដល់៩៦,៣៩% នាឆ្នាំសិក្សាកន្លងមក។
ទី២៖ កោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ដែលបាននាំឲ្យសាកលវិទ្យាល័យ សម្រេចបានលទ្ធផលល្អដូចថ្ងៃនេះ ពិសេសសាស្រ្តាចារ្យ និងបុគ្គលិកទាំងអស់ បានបេ្តជ្ញាខំប្រឹងប្រែង ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត សំដៅធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សា មានសមត្ថភាពជំនាញខ្ពស់ លក្ខណសម្បត្តិល្អ អត្រាមានការងារធ្វើ និងទទួលបានបៀវត្សកាន់តែខ្ពស់។
ទី៣៖ ត្រូវព្យាយាមបន្ថែមទៀត ក្នុងការជំរុញនិស្សិតឲ្យយល់ច្បាស់ ពីតួនាទីភារកិច្ច ការគោរពវិន័យក្នុងការសិក្សា ស្រាវជ្រាវឲ្យបានជោគជ័យ នឹងក្លាយជាអ្នកជំនាញប្រកបដោយគុណវុឌ្ឍិខ្ពស់។
ទី៤៖ ដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៩ចំណុច ដើម្បីពង្រឹង និងជំរុញគ្រប់បណ្តាតួអង្គ ឲ្យកាន់តែសកម្មថែមទៀត ដែលមានជាអាទ៌ ការកែលម្អនូវកម្មវិធីសិក្សា បំពាក់បន្ថែមសៀវភៅសិក្សា ការបោះពុម្ភផ្សាយ លើកកម្ពស់ការប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័រក្នុងការបង្រៀន សិក្សាស្រាវជ្រាវ គាំទ្រធនធានហិរញ្ញវត្ថុក្នុងការជំរុញសកម្មភាពបង្រៀន និងរៀនភាពសកម្ម របស់បណ្តាតួអង្គដែលពាក់ព័ន្ធ។
ទី៥៖ ដាក់ចេញនូវសេចក្តីសម្រេចស្តីពី ការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចសាស្រ្តាចារ្យសំដៅពង្រឹងគុណភាព សិក្សាស្រាវជ្រាវ សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណសម្បត្តិល្អ។
ទី៦៖ ប្តេជ្ញាអនុវត្តឲ្យបានកាន់តែល្អថែមទៀត ចំពោះគោលការណ៍ នៃការគ្រប់គ្រងគុណភាពសរុប (TQM) សកម្មភាពសរុប (TAS) ពោលគឺ ព្រៃទាំងមូលល្អចាប់ផ្តើមពីដើមឈើមួយដើមៗ ដើមឈើមួយដើមៗល្អ នឹងធ្វើឲ្យព្រៃទាំងមូលល្អ សំដៅធ្វើឲ្យសម្រេចបានជោគជ័យចំពោះបេសកកម្ម នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព មានសមត្ថភាពវិជ្ជាជីវៈខ្ពស់ និងបុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។
ទី៧៖ លើកទឹកចិត្តបុគ្គលិក តម្លើងអត្រាប្រាក់ម៉ោងបង្រៀន ទៅតាមស្នាដៃដែលទទួលបាន និងបន្តលើកទឹកចិត្ត ជាបន្តបន្ទាប់ទៀត ដល់ភាគីពាក់ព័ន្ធក្នុងការប្តេជ្ញាកសាងធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ ប្រពៃនៅ CUS។
លោក ស្តើង សុខុម ស្ថាបនិក និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីដើមរហូតមក ដែលជាលទ្ធផលបច្ចុប្បន្ន សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS មាន០៨ទីតាំង និងសាខាមាន
បុគ្គលិក និងសាស្រ្តាចារ្យសរុបជាង១,០០០នាក់ មាននិស្សិតកំពុងសិក្សាជាងមួយម៉ឺននាក់ និស្សិតដែលបញ្ចប់ការសិក្សា ដោយជោគជ័យរួចហើយ ជាងបីម៉ឺននាក់ និងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យបរទេស ស្ថាប័ន ក្រុមហ៊ុនជាង៥០០ ដើម្បីបង្កលក្ខណៈឲ្យនិស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ បង្កើតមុខរបរ ឬសិក្សាបន្តជាដើម៕