(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងការបរទេសអាមេរិក និងសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា បានសេចក្តីថ្លែងការណ៍ «ស្តីពីការចាប់ខ្លួនមេបក្សប្រឆាំង នៅប្រទេសកម្ពុជា» ដោយសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជា, នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានអះអាងថា គ្មានប្រទេសណាអនុញ្ញាតឲ្យអំពើក្បត់ជាតិរួចខ្លួន ពីសំណាញ់ច្បាប់នោះឡើយ ហើយអំពើក្បត់ជាតិនេះ ជាការសម្លាប់របបប្រជាធិបតេយ្យ។
តាមរយៈបណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកនេះ លោក គឹម សន្ដិភាព បានឆ្លើយតបយ៉ាងដូច្នេះថា «ទង្វើខុសច្បាប់ ពុំមែនជាមធ្យោបាយពង្រឹង លទ្ធិប្រជាធិបតេយ្យនោះទេ របបប្រជាធិបតេយ្យ ក៏មិនមែនកើតចេញពីអំពើក្បត់ជាតិឯងនោះដែរ ផ្ទុយទៅវិញ អំពើក្បត់ជាតិជាមធ្យោបាយសម្លាប់របបប្រជាធិបតេយ្យ គ្មានប្រទេសណាអនុញ្ញាតិឲ្យអំពើក្បត់ជាតិ រួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ ដំណើរនៃរបបប្រជាធិបតេយ្យនៅកម្ពុជា ត្រូវស្ថិតក្នុងគន្លងច្បាប់»។
សូមជំរាបថា កាលពីយប់មិញភ្លាមៗបន្ទាប់ពី ក្រសួងការបរទេសអាមេរិក បានសេចក្តីប្រកាសព័ត៌មាន «ស្តីពីការចាប់ខ្លួនមេបក្សប្រឆាំង នៅប្រទេសកម្ពុជា» ដោយសម្តែងការព្រួយបារម្ភចំពោះការ ចាប់ខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជា, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងតាមរយៈបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា វាគ្រាន់តែជាយុទ្ធនាការបំផ្លាញនូវសមិទ្ធផល នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺដើម្បីបម្រើឲ្យក្រុមអាយ៉ងរបស់គេតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន ថ្លែងយ៉ាងដូច្នេះថា «លោក កឹម សុខា ជាអ្នកដឹកនាំគណបក្សនយោបាយមួយ ដែលកើតចេញពីការបណ្ដុះបណ្ដាល និងឧបត្ថម្ភជាសម្ងាត់ ដោយសហរដ្ឋអាមេរិក។ សិទ្ធិនៃការទទួលខុសត្រូវលើជោគវាសនារបស់កម្ពុជា ត្រូវបានឈ្លានពាននិងជ្រៀតជ្រែកស្ទើរ រាល់អាណត្តិនៃការបោះឆ្នោតនីមួយៗ ពីភ្នាក់ងារសហរដ្ឋអាមេរិក ដែលប្រើប្រាស់គណបក្សប្រឆាំងដឹកនាំដោយលោក កឹម សុខា ឲ្យប្រឆាំងនឹងឆន្ទៈប្រជាជនភាគច្រើនរបស់កម្ពុជា ញាំងឲ្យ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជួបនឹងឧបសគ្គជានិច្ចកាល»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិ ដោយសហការជាមួយ មហាអំណាចអាមេរិក រៀបចំផែនការបង្កើតបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល៕