Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសថា រថក្រោះនៅទីបញ្ជាការដ្ឋានអង្គរក្ស មិនមែន៥០គ្រឿងនោះទេ គឺមានដល់១០០គ្រឿង ទុកការពារជូនរាជរដ្ឋាភិបាល និងប្រជាជន មិនមែនសម្រាប់ធ្វើសង្គ្រាមនោះទេ​ (Video inside)

04-09-2017 09:59

(កណ្ដាល)៖ ឆ្លើយតបនឹងការលើកឡើង និង​ចោទជាសំណួរ ពាក់ព័ន្ធសព្វាវុធទំនើបៗ រថក្រោះដែលមាន៥០គ្រឿង នៅក្នុងទីបញ្ជាការដ្ឋានអង្គរក្ស, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុងហៀង អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាក់ត្រឡប់ទៅវិញថា រថក្រោះនៅទីបញ្ជាការដ្ឋានអង្គរក្ស មិនមែនមានត្រឹមតែ៥០គ្រឿងនោះទេ គឺមានរហូតដល់១០០គ្រឿងឯណោះ ហើយសព្វាវុធទំនើបៗទាំងអស់នេះ ទុកដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនរាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជនទូទាំងប្រទេស មិនមែនទុកធ្វើសង្គ្រាមនោះទេ។

ក្នុង​ខួបលើកទី៩ឆ្នាំ ៤ កញ្ញា ឆ្នាំ២០០៩ - ៤កញ្ញា ឆ្នាំ២០១៧ នៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ទីបញ្ជាការដ្ឋានអង្គរក្ស ក្រោមការដឹកនាំបញ្ជាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានោះ សព្វាវុធទំនើបៗ ដែលមានការបំពាក់នេះ បើមិនយកមកបង្ហាញ តើយកនង្គ័លមកតាំងឬយ៉ាងមិច?។

មេបញ្ជាការកងអង្គរក្សរូបនេះ បានបញ្ជាក់ថា ក្នុងនាមជាអង្គរក្ស បើមិនការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារនាយករដ្ឋមន្ដ្រី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ តើឲ្យការពារអ្វីទៅវិញ?

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាសជាថ្មីម្ដងទៀតថា បញ្ជាការដ្ឋានអង្គរក្សសូមប្រកាស​បូជាជីវិត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងដើរតាមគោលនយោបាយដឹកនាំប្រទេស របស់សម្ដេចលើការរក្សាសន្ដិភាព ការអភិវឌ្ឍន៍ឲ្យរីកចម្រើនរហូតមកដល់ពេលនេះ ហើយប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ៕