(កណ្ដាល)៖ មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ផ្កាយ៣ ដៀង សារុន តំណាងនាយឧត្តមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានឡើងថ្លែងសុន្ទរកថា និងអានរបាយការណ៍ពីប្រវត្តិនៃការចាប់ផ្ដើម បង្កើតបញ្ជាការដ្ឋានអង្គរក្ស និងលទ្ធផលការងារនាពេលកន្លងទៅរយៈពេលជាងច្រើនឆ្នាំមកនេះ ក្នុងខួបលើកទី៩ឆ្នាំ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ - ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានប្រកាសថា កងកម្លាំងអង្គរក្សដែលមានបំពាក់យុទ្ធភ័ណ្ឌទំនើបៗ សព្វាវុធទំនើបៗ ដែលទាំងអស់នេះដើម្បីការពារ សន្ដិសុខ សុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងរាជធានីភ្នំពេញ និងទូទាំងប្រទេស និងការចល័តទ័ពទៅគ្រប់សមរភូមិ និងតាមមូលដ្ឋានផ្សេង ក្រោមការបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក ដៀង សារុន បានប្រកាសទៅកាន់កងកម្លាំងអង្គរក្សទាំងអស់ថា បញ្ជាការដ្ឋានអង្គរក្សសូមប្រកាសពីការបូជាជីវិត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងដើរតាមគោលនយោបាយដឹកនាំប្រទេស របស់សម្ដេចលើការរក្សាសន្ដិភាព ការអភិវឌ្ឍន៍ឲ្យរីកចម្រើនរហូតមកដល់ពេលនេះ។
ជាមួយគ្នានេះ មេបញ្ជាការរងរូបនេះបានប្រកាសខ្លាំងៗថា បញ្ជាការដ្ឋានអង្គរក្សសូមប្រកាសគាំទ្រ បេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី សម្រាប់អាណត្តិក្រោយនេះ និងបន្ដទៅអាណត្តិមុខទៀត៕