(ភ្នំពេញ)៖ យើងខ្ញុំបានអាននូវសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ អំពីស្ថានការណ៍នៅប្រទេសកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចំពោះបុគ្គល កឹម សុខា ជាជនក្បត់ជាតិ ដែលមានផែនការទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់យើងខ្ញុំ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបញ្ជាក់ជូនលោកឯកអគ្គរដ្ឋទូត និងមន្ត្រីនាំពាក្យសហរដ្ឋអាមេរិក មេត្តាយល់នូវស្មារតីជាតិ របស់យើងខ្ញុំថា៖ ប្រជាជនកម្ពុជាយើងខ្ញុំ ប្រកាន់ជំហររក្សាមិត្តភាពរវាងប្រជាជននិងប្រជាជន រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយស្មើភាព និងដោយស្មើសិទ្ធិ ព្រមទាំងគោរពដោយសីលធម៌ចំពោះឯករាជ្យភាពនិងអធិបតេយ្យនៃប្រទេសយើងរៀងៗខ្លួន។ ប្រជាជនកម្ពុជាបច្ចុប្បន្នមានសមាន្យចិត្ត ទូលំទូលាយដោយសីលធម៌ដូចគ្នានឹងប្រជាជនអាមេរិកដែរគឺ យើងខ្ញុំមិនទទួលយក«ការជ្រៀតជ្រែក»នោះទេ។
យើងខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ជូនមិត្តអាមេរិកថា បុគ្គល កឹម សុខា មិនត្រឹមតែក្បត់ជាតិឯងប៉ុណ្ណោះទេ ពោលគឺបុគ្គល កឹម សុខា ថែមទាំងបានក្បត់អាមេរិកផងដែរ។ ប្រសិនបើបុគ្គល កឹម សុខា ស្គាល់ច្បាស់ពីតម្លៃប្រជាធិបតេយ្យនោះ កឹម សុខា នឹងអត់ធ្មត់ ហើយតស៊ូនយោបាយដោយថ្លៃថ្នូរតាមរយៈការបោះឆ្នោតដោយសន្តិវិធី ហើយមិនមែនមានមហិច្ឆតាដណ្តើមអំណាចតាមរបៀបធ្វើបដិវត្តន៍ពណ៌ព្រៃផ្សៃដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របៀបនេះទេ។ ជាងនេះទៅទៀតបុគ្គល កឹម សុខា ក៏បានក្បត់អាមេរិកហើយដែរ នៅត្រង់បុគ្គលនេះបានលាតត្រដាងផែនការទុច្ចរិត ដែលនេះជាការខុសឆ្គងទាំងយុទ្ធវិធី និងយុទ្ធសាស្ត្រ ព្រមទាំងប្រាស់ចាកស្មារតីប្រជាធិបតេយ្យដ៏ពិសិដ្ឋរបស់សហរដ្ឋអាមេរិក។ ដូច្នេះ កឹម សុខា គឺពិតជាជនក្បត់។
យើងខ្ញុំយល់ច្បាស់ណាស់ថា សហរដ្ឋអាមេរិក និងមិនអត់ឱនចំពោះជនណាដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលអាមេរិកនោះទេ ហើយដូចដែលអាមេរិកមិនអត់ឱនដល់ជនដែលបង្កើតព្រឹត្តិការណ៍ 9/11 ដូច្នេះដែរ។ ដូច្នេះ ចំពោះអំពើក្បត់ជាតិរបស់បុគ្គល កឹម សុខា សូមមេត្តាទុកឲ្យតុលាការធ្វើការតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះសូមមិត្តអាមេរិកបន្តគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងការផ្តន្ទាទោស «ជនក្បត់ជាតិ» តាមច្បាប់ដោយឯករាជ្យនិងដោយយុត្តិធម៌។
យើងខ្ញុំសូមបញ្ជាក់ជូនមិត្តអាមេរិកដែរថា វិធានការច្បាប់លើបុគ្គល និងអង្គការចាត់តាំងខុសច្បាប់ណាមួយក្នុងដែនអធិបតេយ្យនៃប្រទេសកម្ពុជា គឺដើម្បីពង្រឹងនីតិរដ្ឋ និងដើម្បីការពារសេចក្តីសុខសម្រាប់ប្រជាជនកម្ពុជាយើងខ្ញុំហើយនេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលនីមួយៗ ដែលត្រូវតែធ្វើទោះបីទង្វើខុសច្បាប់កើតឡើង ក្នុងពេលវេលាណាក៏ដោយ ហើយសូម្បីតែអំពើខុសច្បាប់ដែលកើតឡើងនៅក្នុងអំឡុងពេលបោះឆ្នោតក៏ត្រូវតែអនុវត្តវិធានការច្បាប់ដូចគ្នាដែរ។ អំពើក្បត់ជាតិ និងប្រជាធិបតេយ្យ គឺខុសគ្នាដាច់ស្រឡះ។ អំពើក្បត់ជាតិ និងការដណ្តើមអំណាចតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺខុសគ្នាដាច់ស្រឡះ។ ដូច្នេះ សូមមិត្តអាមេរិករួមចំណែកជាមួយយើងខ្ញុំក្នុងការការពារផលប្រយោជន៍ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាយើងខ្ញុំ។
ឆ្លៀតក្នុងឱកាសនេះដែរ យើងខ្ញុំសូមគូសបញ្ជាក់ជូនមិត្តអាមេរិកដែរថា យើងខ្ញុំយល់ច្បាស់ណាស់អំពីហេតុផលនៃការប្រើវិធានការផ្លូវច្បាប់របស់ រាជរដ្ឋាភិបាលនិងស្ថាប័នជាតិយើងខ្ញុំដើម្បីផ្តន្ទារទោសជនក្បត់ជាតិ ទប់ស្កាត់អំពើទុច្ចរិតដែលអាចនាំប្រទេសជាតិយើងខ្ញុំឲ្យធ្លាក់ចូលក្នុងវិបត្តិ និងសង្គ្រាមស៊ីវិលដូចមេរៀនពីអតីតកាល។ ប្រជាជនកម្ពុជាយើងខ្ញុំនៅចងចាំប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ច្បាស់ណាស់ ដែលនៅក្នុងកាលៈទេសៈនៃសង្គ្រាមវៀតណាម គឺប្រជាជនយើងខ្ញុំបានរងខ្លោចផ្សាដោយសារការទម្លាក់គ្រាប់បែកជាង២លាន៧សែនតោន ដែលបានធ្វើឲ្យប្រជាជនជាង៨សែននាក់ស្លាប់បាត់បង់ជីវិតយ៉ាងខ្លោចផ្សា។ ជាងនេះទៅទៀត របបសង្គមរាស្ត្រនិយម និងសម្តេចព្រះនរោត្តមសីហនុ ជាទីគោរពស្រឡាញ់ដែលយើងខ្ញុំប្រសិទ្ធនាមថាជា «បិតាឯករាជ្យជាតិ» និង «សម្តេចឪ»ជាទីគោរពសក្ការៈរបស់យើងខ្ញុំ ត្រូវគេឃុបឃិតធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ និងបានធ្វើបដិវត្តន៍ប្តូររបបរាជានិយមដ៏ពិសិដ្ឋយ៉ាងអយុត្តិធម៌។ ប្រសិនបើគ្មានរដ្ឋប្រហារពីសំណាក់ពួក លន់ ណុល និងទ្រង់ស៊ីសុវត្ថិ សិរិមតៈ ដែលគាំទ្រដោយអាមេរិកនាពេលនោះទេ ម្ល៉េះមាតុភូមិកម្ពុជាជាទីស្នេហារបស់យើងខ្ញុំ មិនធ្លាក់ចូលក្នុងជ្រោះជ្រៅនៃរបបវាលពិឃាតនោះទេ។ សូមមិត្តអាមេរិកយោគយល់ដល់ការចងចាំនូវប្រវត្តិសាស្ត្រដ៏ឈឺចាប់ខ្លោចផ្សាររបស់ប្រជាជនជាតិយើងខ្ញុំផង។
យើងខ្ញុំក៏សូមបញ្ជាក់ជូនដែរថា ករណីអំពើក្បត់ជាតិរបស់បុគ្គល កឹម សុខា ក៏បានធ្វើឲ្យប្រជាជនកម្ពុជាយើងខ្ញុំនឹកឃើញដល់ភាពគ្រោះថ្នាក់ របស់ប្រទេសជាតិដូចដែល លន់ ណុល ធ្លាប់បានធ្វើចំពោះជាតិនិងប្រជាជនកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៧០នោះដែរ។ យើងខ្ញុំក៏បានយល់ច្បាស់ណាស់អំពីការប្រើប្រាស់វោហាសាស្ត្រប្រជាធិបតេយ្យរបស់មិត្តអាមេរិកដើម្បីចូលទៅអន្តរាគមន៍និងឈ្លានពាននៅបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ផ្ទុយទៅវិញ ប្រជាជនដ៏ស្លូតត្រង់នៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ាទាំងនោះ គឺទទួលបានត្រឹមតែប្រជាធិបតេយ្យក្លែងក្លាយ សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងការបែកបាក់ជាតិដ៏ជ្រាលជ្រៅរហូតមកទល់សព្វថ្ងៃនៅឡើយ។ ទាំងនេះក៏ជាមេរៀនដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាប្តេជ្ញាទប់ស្កាត់ ជៀសវាងកុំឲ្យកើតមានសារជាថ្មី ទោះនៅកម្ពុជាឬនៅទីណាក៏ដោយ។
មរតកប្រវត្តិសាស្ត្រនិងមេរៀនថ្មីៗទាំងអស់នេះ គឺជាមូលដ្ឋានគ្រប់គ្រាន់សម្រាប់ប្រជាជនកម្ពុជាយើងខ្ញុំពិចារណា និងធ្វើការសម្រេចចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងការប្រើវិធានការច្បាប់លើបុគ្គល កឹម សុខា ជាជនក្បត់ជាតិ ជាជាងបណ្តែតបណ្តោយឲ្យបដិវត្តន៍ពណ៌និងសង្គ្រាមស៊ីវិលកើតមានសារជាថ្មីលើទឹកដីអង្គរជាទីស្រឡាញ់របស់យើងខ្ញុំ។
យើងខ្ញុំក៏សូមបញ្ជាក់ឡើងវិញទៅកាន់មិត្តអាមេរិកដែរថា៖ ប្រទេសកម្ពុជាដែលជារដ្ឋឯករាជ្យ និងជារដ្ឋអធិបតេយ្យ ហើយដែលប្រកាន់យក «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ដោយមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» គឺពិតជាយល់ច្បាស់ណាស់អំពីដំណើរការប្រជាធិបតេយ្យដែលត្រូវតែដើរតាមគន្លង«នីតិរដ្ឋ»។
យើងខ្ញុំសូមផ្ញើសារទៅកាន់ស្ថានទូតអាមេរិកឲ្យច្បាស់ជាថ្មីម្តងថា យើងខ្ញុំបានសម្រេចចិត្តរួចហើយថា៖ យើងបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលទ្ធភាពនិងសមត្ថភាពការពារសន្តិភាព ស្ថិរភាព ដើម្បីបន្តការអភិវឌ្ឍន៍មាតុភូមិកម្ពុជាយើងខ្ញុំលើគ្រប់វិស័យឲ្យបានរីកចម្រើនបន្តទៀត។ យើងខ្ញុំប្តេជ្ញាការពារអធិបតេយ្យជាតិរបស់យើងខ្ញុំ។ យើងខ្ញុំការពាររដ្ឋធម្មនុញ្ញរបស់យើងខ្ញុំ។ យើងខ្ញុំការពារព្រះមហាក្សត្ររបស់យើងខ្ញុំ។ យើងខ្ញុំការពាររាជរដ្ឋាភិបាលស្របច្បាប់របស់យើងខ្ញុំ។ យើងខ្ញុំប្តេជ្ញាការពារសន្តិភាពដ៏ពិសិដ្ឋរបស់កម្ពុជាតទៅទៀត។ យើងខ្ញុំមិនអនុញ្ញាតឲ្យឈាមប្រជាជនកម្ពុជាហូរ ឬប្រជាជនខ្មែរបែកបាក់ដោយសារការញុះញុងការអុជអាលពីសំណាក់បរទេសណាមួយ ដូចប្រវត្តិសាស្ត្រកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដ៏ឈឺចាប់នោះ កើតសារជាថ្មីលើទឹកដីសុវណ្ណភូមិនៃកម្ពុជាយើងខ្ញុំជាដាច់ខាត!។
ប្រជាជនកម្ពុជាយើងខ្ញុំត្រូវការមិត្តស្មោះត្រង់ទាំងអស់ដែលគិតគូរដល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជាតិយើងទាំងពីរ និងជាមួយមិត្តឯទៀតដូចៗគ្នា។ យើងខ្ញុំក៏មិនជឿថា មិត្តអាមេរិកប្តូរចិត្តគាំទ្រពួកភេរវករ និងជនក្បត់ជាតិ ហើយបែរជាមើលរំលងផលប្រយោជន៍ និងសេចក្តីសុខក្សេមក្សាន្តរបស់ពិភពលោករួមទាំងប្រជាជនកម្ពុជាយើងខ្ញុំ១៦លាននាក់ដែរនោះទេ។ យើងខ្ញុំមានមោទនភាពប្រកាសជូនមិត្តអាមេរិកថា៖ កម្ពុជា គឺជាដែនដីនៃក្តីសង្ឃឹម! យើងខ្ញុំជឿជាក់លើកម្ពុជា! យើងខ្ញុំស្គាល់ភាពសម្បូរសប្បាយ ហើយប្រជាជនយើងខ្ញុំត្រូវការរក្សាសន្តិភាពឲ្យបានយូរអង្វែងតទៅទៀត ដើម្បីការរីកចម្រើនផ្នែកជីវភាពនិងសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្លាំងក្លាសម្រាប់តទៅកូនចៅជំនាន់ក្រោយយើងខ្ញុំ។ មិត្តអាមេរិកគួរយល់បានពីជំនឿនិងការប្តេជ្ញាចិត្តដ៏មុតមាំនេះ! មិត្តអាមេរិកគួរគោរពសេចក្តីសម្រេចចិត្តរបស់ប្រជាជនយើងខ្ញុំ! ហើយមិត្តអាមេរិកគួរបន្តរីករាយនិងអបអរសាទរជាមួយប្រជាជនកម្ពុជាយើងខ្ញុំដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងតទៅអនាគត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលប្រជាជនកម្ពុជាប្រសិទ្ធនាមថា «ស្ថាបនិកសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា»៕
រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧
យើង, ប្រជាជនកម្ពុជា!