(កណ្ដាល)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ក្នុងការប្រារព្ធខួបលើកទី៩ឆ្នាំ ៤ កញ្ញា ឆ្នាំ២០០៩ - ៤កញ្ញា ឆ្នាំ២០១៧ នៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។
ក្នុងពិធីដែលប្រារព្ធនៅទីបញ្ជាការដ្ឋានអង្គរក្ស ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនោះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្នុងជួរកងទ័ព និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងដាក់ឲ្យចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ បញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្រោមការដឹកនាំ បញ្ជាផ្ទាល់ របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអ្នកធានា ផ្គត់ផ្គង់ភស្តុភារ ហិរញ្ញវត្ថុ គ្រឿងបំបាក់កម្លាំង និងហ្វឹកហ្វឺន។
យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានជួយសេនាធិការដល់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់រាល់សភាពការណ៍នានាដែលកើតឡើង ជាយថាហេតុ។ ក្នុងនោះសាលារាជធានីភ្នំពេញ និងសប្បុរសជនជាតិ-អន្ដរជាតិ ក៏បានជួយដល់បញ្ជាការដ្ឋានអង្គរក្សនាពេលកន្លងមកផងដែរ ដូច្នេះដើម្បីជាការលើកទឹកចិត្ត ខ្ញុំបាទគោរពស្នើសុំអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ មេត្តាផ្ដល់ជូននូវគ្រឿងឥស្សរិយយសរួមមាន៖ គ្រៀងឥស្សរិយយស ជាតូបការ ចំនួន៤គ្រឿង និងគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសិរីវិឌ្ឍន៍ ចំនួន១២គ្រឿង សម្រាប់បំពាក់ជូនសប្បុរសជនដែលបានខិតខំជួយដល់ បញ្ជាការដ្ឋានអង្គរក្សនាពេលកន្លងមក»៕