(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រសួងការបរទេសអាមេរិក បានសេចក្តីប្រកាសព័ត៌មាន «ស្តីពីការចាប់ខ្លួនមេបក្សប្រឆាំង នៅប្រទេសកម្ពុជា» ដោយសម្តែងការព្រួយបារម្ភចំពោះការ ចាប់ខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជា ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អះអាងថា វាគ្រាន់តែជាយុទ្ធនាការបំផ្លាញនូវសមិទ្ធផលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺដើម្បីបម្រើឲ្យក្រុមអាយ៉ងរបស់គេតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា «យើងធ្វើការផ្តោតសំខាន់ជាមួយ នឹងការព្រួយបារម្ភជាពន់ពេក ចំពោះការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងមួយរូប ធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ក្រោមការចោទប្រកាន់នានា ដែលហាក់មានហេតុផល ជានយោបាយ។ លោក កឹម សុខា គឺជាបុគ្គលដែលមានការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដោយអ្នកនាំពាក្យ Heather Nauert របស់ក្រសួងការបរទេសអាមេរិក នៃរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧»។
ជំហានរបស់រដ្ឋាភិបាលកម្ពុជានេះ គឺកើតឡើងបន្ទាប់ពីការចាត់វិធានការដាក់កំហិតមួយកន្លងមកមានដូចជា ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលជាដើម។ ចំណាត់ការទាំងនេះបានកាត់បន្ថយ ដំណើរការជឿនលឿនរបស់ កម្ពុជានៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងនាំឲ្យមានការចោទជាសំនួរ អំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការរៀបចំដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ ដ៏គួរឲ្យទុកចិត្តបាន និងការសម្រេចនូវលទ្ធផល ដែលស្របតាមមូលដ្ឋានច្បាប់ នៃប្រជាធិតេយ្យ»។
ប្រតិកម្មឆ្លើយតបនេះ, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លើកឡើងតាមរយៈបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «លោក កឹម សុខា ជាអ្នកដឹកនាំគណបក្សនយោបាយមួយ ដែលកើតចេញពីការបណ្ដុះបណ្ដាល និងឧបត្ថម្ភជាសម្ងាត់ដោយសហរដ្ឋអាមេរិក។ សិទ្ធិនៃការទទួលខុសត្រូវលើជោគវាសនារបស់កម្ពុជា ត្រូវបានឈ្លានពាននិងជ្រៀតជ្រែកស្ទើររាល់អាណត្តិនៃការបោះឆ្នោតនីមួយៗ ពីភ្នាក់ងារសហរដ្ឋអាមេរិក ដែលប្រើប្រាស់គណបក្សប្រឆាំងដឹកនាំដោយលោក កឹម សុខា ឲ្យប្រឆាំងនឹងឆន្ទៈប្រជាជនភាគច្រើនរបស់កម្ពុជា ញាំងឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជួបនឹងឧបសគ្គជានិច្ចកាល»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់បន្ថែមទៀតថា «ស្ថានភាពរបស់ កឹម សុខា និងគណបក្សរបស់គាត់ ពុំមានសមត្ថភាពសម្រេចចិត្តឯករាជ្យ ពីភ្នាក់ងារសហរដ្ឋអាមេរិកនោះបានឡើយ។ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ កម្ពុជា មានផាសុកភាព និងដើម្បីជាផលប្រយោជន៍របស់ប្រជាធិបតេយ្យនៅកម្ពុជា ភ្នាក់ងារសហរដ្ឋអាមេរិក ត្រូវតែដកដៃចេញឲ្យអស់ពីការជ្រៀតជ្រែក ដូចកម្ពុជាមានភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តរបស់លោក កឹម សុខា ជាមួយនឹងភ្នាក់ងារបរទេសទាំងអស់នោះ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដោយខ្លួនឯងរួចស្រេចទៅហើយ ក៏ដូចជាការទទួលស្គាល់នូវការបោះឆ្នោតថ្មីៗនេះ ជាមួយនឹងការរៀបចំដែលជាស្នាដៃរបស់ គ.ជ.ប។ រីឯការព្រួយបារម្ភរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា គ្រាន់តែជាយុទ្ធនាការក្នុងការបំផ្លាញនូវសមិទ្ធផលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺដើម្បីបម្រើឲ្យក្រុមអាយ៉ងរបស់ពួកគេតែប៉ុណ្ណោះ»។
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗ និងបញ្ជាក់ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់មិញ ពាក់ព័ន្ធនឹងទៅផែនការក្បត់ជាតិ ហើយសម្ដេចនាយករដ្ឋមន្រ្តីក៏បានព្រមានទៅបរទេសទាំងឡាយ មិនឲ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រនាយករដ្ឋមន្ដ្រីដ៏មានឥទិ្ធពលរបស់កម្ពុជា និងដឹកនាំប្រទេសរយៈពេលជិត៤០ឆ្នាំមកនេះ ធ្វើឲ្យមានសន្ដិភាពពេញលេញបរិបូណ បានបញ្ជាក់យ៉ាងខ្លាំងៗថា «ហេតុអីបានយើងត្រូវចាប់ បើគ្មានរឿងធ្ងន់ធ្ងរយើងមិនត្រូវចាប់ធ្វើអីទេ តែរឿងនេះវាធ្ងន់ពេកហើយវាក៏កំពុងឈានជាបណ្ដើរៗហើយ ហើយយើងក៏កំពុងស្វែងរក អាបាតដៃទី៣ ជានរណា ឥលូវយើងរកឃើញអាបាតដៃទី៣ហើយ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា នៅព្រឹកមិញនេះ បានបញ្ចាំងគ្រប់ទូរទស្សន៍ហើយ ...ស្ថានទម្ងន់វាកាន់តែធ្ងន់ហើយ ប៉ុន្ដែរឿងនេះជារឿងក្បត់ជាតិ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវតម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលបាតដៃទី៣ អ្នកបាតដៃដែលធ្លាប់ប្រើលន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតខ្ញុំនឹង ចាក់ឲ្យស្ដាប់ទាំងអស់គ្នា»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីមានការបែកធ្លាយវីដេអូក្បត់ជាតិ ដោយសហការជាមួយមហាអំណាចអាមេរិក រៀបចំផែនការបង្កើតបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្មជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា៕