(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកនឹងបើកសាលាបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ ដើម្បីបណ្តុះបណ្តាលភាសាអង់គ្លេសជូនកូនចៅប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ ដែលជាស្រុកកំណើតរបស់លោក។

ការថ្លែងបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចសំណេះសំណាលជាមួយសកម្មជនជាង ១០០នាក់នោះ លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការទាក់ទាញអ្នកវិនិយោគមករកស៊ីនៅកម្ពុជា ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។

នៅព្រឹកមិញនេះលោក ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ក៏បានសំណេះសំណាលជាមួយសមាជិកគណបក្ស និងគ្រួសារបក្សសរុបប្រមាណ ៥១៣នាក់ មកពីភូមិចំនួន០៧ ក្នុងឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្តាលផងដែរ។

ក្នុងកិច្ចសំណេះសំណាលនោះ លោក ស៊ុន ចាន់ថុល បានណែនាំដល់សមាជិកគ្រួសារបក្សឲ្យយកចិត្តទុកដាក់ក្នុងការរៀបចំឯកសារ សម្រាប់ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ដើម្បីរៀបចំសៀវភៅគ្រួសារបក្សឲ្យបានឆាប់ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងសមាជិកបក្សឆ្ពោះទៅដណ្ដើមជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ៕