(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយករងខុទ្ទកាល័យនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមាជិកយុវជនកណ្តាល បានធ្វើអធិបតីសំណេះសំណាលសម្ភោធ ដាក់ឲ្យដំណើរការទីស្នាក់ការ តំណាងយុវនិស្សិតខេត្តបន្ទាយជ័យ ប្រចាំទីក្រុងភ្នំពេញ ដោយមានការចូលរួមពីតំណាងចលនានិស្សិត និងតំណាងយុវនិស្សិតមកពីក្រុងស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានពាំនាំការសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ដែលនាយឧត្តមសេនីយ៍ តែងតែគិតគូរយុកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសយុវនិស្សិតដែល មានទីលំនៅខេត្តបន្ទាយមានជ័យ មកបន្តការសិក្សានៅរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ បានផ្តល់នូវទីតាំងសម្រាប់ឱ្យប្អូនយុវនិស្សិតយើង មានការងាយស្រួលទំនាក់ទំនង ការងារផ្សេងៗ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឡាយ គឹមលីក្នុងនាម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តែផ្តាំដល់យុវនិស្សិតយើងទាំងអស់ត្រូវចេះសាមគ្គីគ្នា ចេះជួយឈឺឆ្អាលគ្នាក្នុងគ្រា មានអាសន្ន គោរពច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងនិងអំពើអបាយមុខផ្សេងៗ ឯកភាពផ្ទៃក្នុង ដោយខិតខំរៀនសូត្រដើម្បីយកចំណេះដឹងទៅធ្វើការអភិវឌ្ឍមូលដ្ឋានសហគមន៍ឱ្យមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានសុំឱ្យយុវនិស្សិតទាំងអស់សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅខេត្តបន្ទាយមានជ័យ ហើយបោះឆ្នោតឱ្យចំដើម្បីបន្តការអភិវឌ្ឍ មូលដ្ឋានជាមួយគ្នាទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នមាននិស្សិតខេត្តបន្ទាយមានជ័យមកបន្តការសិក្សានៅរាជធានីភ្នំពេញមានចំនួន២២០០នាក់៕