(កំពង់ស្ពឺ)៖ ផ្លូវខ្នងទំនប់ក្នុងឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចំនួន៣ឃុំ រួមទាំងអ្នកភូមិជាច្រើនភូមិ ឆ្លងកាត់រាល់ថ្ងៃ ហើយមានការលំបាកយ៉ាងខ្លាំងនោះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក នរ រតនៈវឌ្ឃនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាប្រធានគណៈពង្រឹងរបស់គណបក្សប្រជាជនឃុំវល្លស និងក្រុមគ្រួសារ បានចំណាយថវិការផ្ទាល់ខ្លួន ដើម្បីធ្វើការស្តាព្រៃសងខាងផ្លូវ រួមទាំងជួសជុលពង្រាបដីផ្លូវទាំងអស់ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវនេះឡើងវិញ។

ផ្លូវនេះជារៀងរាល់ថ្ងៃគេសង្កេតឃើញ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មិនតិចជាង៨ភូមិទេ ហើយឃុំដែលត្រូវប្រើប្រាស់ផ្លូវនេះ ជាប្រចាំនោះមានឃុំវល្លស ឃុំត្រពាំងគង ឃុំសំរោងទង ដែលមានមនុស្សឆ្លងកាត់រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។

លោក នរ រតនៈវឌ្ឃនោ បានលើកឡើងថា ដោយបានមើលឃើញពីការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនារដូវវស្សា ទើបលោកនិងក្រុមគ្រួសារបានចំណាយថវិកា ជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យពួកគាត់ងាយស្រួលធ្វើដំណើរប្រសើរវិញ។

រដ្ឋលេខាធិការក្រសួងធម្មការ បានបន្តថា ក្នុងនាមលោកជាប្រធានគណៈពង្រឹង របស់គណប្រជាជនលោកមិនបានមើលរំលងនៅទុកលំបាកទាំងអស់របស់បងប្អូនទេ ហើយតែងតែទទួលយកការសុំណូមពរនានា ដែលជាទុកកង្វល់របស់បងប្អូនក្នុងមូលដ្ឋាន មកដោះស្រាយ តាមដានគ្រប់ជំហានរឿងបញ្ហាសុខភាព ជីវភាពប្រចាំថ្ងៃដោះស្រាយបន្ទាន់ បញ្ហាគ្រោះមហន្តរាយណ៍ដែលបង្កដោយគ្រោះធម្មជាតិ។ ផ្លូវនេះក្រុមគ្រួសារលោក និងលោកមេឃុំ បានជួយកសាងម្តងរួចមកហើយ ដែលកាលនោះគឺបាក់ស្ពានមិនអាចឲ្យបងប្អូនធ្វើដំណើរបាន ត្រូវវាងតាមផ្លូវផ្សេងដែលឆ្ងាយ ខាតពេលវេលា និងប្រាក់កាសផងដែរ៕