(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ
ចុះជួយស្រុកស្ទោង ស្នើប្រជាពលរដ្ឋក្នុងស្រុកស្ទោង ខេត្តកំពង់ធំទាំងអស់ ដែលគ្រប់អាយុ១៨ឆ្នាំ ឬអាយុបោះឆ្នោត សូមមេត្តារួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាម្ចាស់ឆ្នោតបោះ ជូនមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត។
ការស្នើប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នានេះ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកស្ទោងខេត្តកំពង់ធំ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
លោក ជា ចាន់តូ បានឲ្យដឹងថា សមាជិក សមាជិកាបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតម្រង់ឆ្ពោះទៅដណ្ដើមភាព
ជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណ្ណត្តិទី៦ ឆ្នាំ ២០១៨ ខាងមុខនេះ។ លោកថា បញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ចំពោះមុខគឺបញ្ហាជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ បញ្ហាគ្រោះទឹកជំនន់ និងការស្វែងរកទីផ្សារ សម្រាប់ភោគផលកសិកម្ម ក្នុងនោះរួមទាំងតម្រូវការ ចំពោះមុខរបស់ប្រជាពលរដ្ឋ ។
លោកបានបញ្ជាក់ទៀតថា ទោះបីជាមានការងារច្រើន ដើម្បីជួយលើស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយ៉ាងណាក៏កុំភ្លេចការ ពង្រឹងការសាមគ្គីភាពការពង្រីក សមាជិកបក្សបន្ថែមសម្រាប់ឈាន ទៅដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ដនាឆ្នាំ២០១៨ ខាងមុខនេះឲ្យបានដាច់ខាតពោលសមាជិកបក្សម្នាក់ជាម្ចាស់សន្លឹកឆ្នោតមួយសន្លឹក។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង បានឲ្យដឹងថាតាមការគ្រោងទុករបស់
គណកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឆ្នាំ ២០១៧នេះ ស្រុកស្ទោងមានអ្នកគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតមានចំនួន ២០,៤០០នាក់៕