(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក បង្ក្រាបបានភ្លាមៗ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមធ្វើសកម្មភាពឆក់ កាបូបមិនបានសម្រេច នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្លូវលេខ២៨៩ ស្ថិតក្នុងក្រុមទី៣១ ភូមិ៨ សង្កាត់បឹងកក់ទី១។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបាន ទី១៖ ឈ្មោះ ​រ៉េត រដ្ឋា ហៅ​ព្រឹក អាយុ​៣១ឆ្នាំ មុខរបរមិនពិតប្រា​កដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ស​ង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជាអ្នកធ្វើសកម្មភាព ឆក់ និង​បើកម៉ូតូ ហើយជននេះជា មុខសញ្ញាចាស់​ឆក់ និង​គាស់ផ្ទះ ធ្លាប់ជាប់ពន្ធនា​គារ រយៈពេល២ឆ្នាំ ពីបទឆក់ និងជនសង្ស័យទី២៖ ឈ្មោះ ស កក្កដា អាយុ២១ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កា​កាប ខណ្ឌពោធិសែនជ័យ។

ដោយឡែកជនរងគ្រោះ២នាក់ ជិះម៉ូតូ​​​ម៉ាក Honda C125 ពណ៌​ខ្មៅ មិនចាំស្លាកលេខ ជិះឌុបគ្នា​ទិសដៅ​ពីជើង​ទៅ​​ត្បូង តាមបណ្តោយផ្លូវលេខ២៨៩ ក៏ត្រូវជន​សង្ស័យធ្វើសកម្មភាពឆក់កាបូប​តែមិនសំរេច ហើយជនរងគ្រោះមិនដាក់ពាក្យប្តឹង ​និង​គ្មានរងរបួសស្នាមទេ​អ្វីឡើយ។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបាន ​ម៉ូតូចំនួន០១គ្រឿង ម៉ាកស្មាស ពណ៌ខ្មៅ គ្មានស្លាកលេខ, សោរខ្សៀរលេខ៨ ចំនួន០១ និង​ឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​។ ជនសង្ស័យទាំង២ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕