(សៀមរាប)៖ ក្រោយពីកិច្ចប្រជុំរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក្នុងការដាក់នូវបទបញ្ជាលើការងារ រៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងក្រុងទេចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដើមី្បធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៃទីក្រុងប្រវត្តិសាស្ត្រ រួមទាំងបរិស្ថានអនាម័យល្អទៀតផង ។
នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត ចុះធ្វើការត្រួតពិនិត្យមើល អំពីការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅក្នុងក្រុងសៀមរាប។
ក្នុងដំណើរចុះត្រួតពិនិត្យនោះ ក្រុមប្រតិភូខេត្ត បានចុះទៅគោលដៅចំណតរថយន្តប៉ែកខាងលិចក្រុង ក្នុងនោះលោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ដល់ម្ចាស់ចំណត ក៏ដូចអាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ និងស្នងការនគរបាលខេត្ត ត្រូវរួមសហការគ្នា ធ្វើការផ្សព្វផ្សាយជាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបររត់រថយន្តឈ្នូល ទាំងនៅមកពីប៉ែកខាងលិច ត្រូវចូលមកសំចត និងដាក់មនុស្សផ្ទេរទំនិញនៅ ចំណតរថយន្តប៉ែកខាងលិចក្រុង ក៏ដូចរថយន្តមកពីខាងកើត ត្រូវចូលសំចតនៅចំណតប៉ែកខាងកើត ហើយបងប្អូនអ្នកដំណើរ និងត្រូវបន្តដំណើរទៅតាមរថយន្តតាក់ស៊ីម៉ែត្រ រ៉ឺម៉ក់ ម៉ូតូឌុប ទៅកាន់លំនៅដ្ឋានរបស់ខ្លួន ឬក៏ដូចជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម ក្នុងការបញ្ជៀសនូវការកកស្ទះចរាចរណ៍ក្នុងក្រុង ហើយជាវប្បធម៌ក្នុងការចែក រំលែកក្នុងរបរចិញ្ចឹមជីវិត របស់បងប្អូននៅខេត្តសៀមរាប ផងដែរ។ បន្តមកក្រុមប្រតិភូ ក៏បានចុះធ្វើការត្រួតពិនិត្យ មើលពីសណ្តាប់ធ្នាប់ នៅក្នុងតំបន់ផ្សារចាស់ ផាប់ស្ទ្រីប ដែលបច្ចុប្បន្ននេះបានកំពុងមានភាពអនាធិបតេយ្យ ក្នុងការលក់ដូរ នៅតាមភោជនីយដ្ឋានមួយចំនួន។
ម៉្យាងទៀតតំបន់ផាប់ស្ទ្រីបនេះ ជាទីប្រមូលផ្តុំទៅដោយភ្ញៀវទេសចរគ្រប់ជាតិសាសន៍ នៅក្នុងពេលរាត្រី ព្រមទាំងបណ្តាភោជនីយដ្ឋាន និងក្លឹបកម្សាន្តមួយចំនួន បានធ្វើការចាក់ឌីសស្កូ សម្ពោងសម្លេងរំខានដល់ប្រជាពលរដ្ឋ អ្នកជំងឺក្នុងមន្ទីរពេទ្យ និងព្រះសង្ឃក្នុងវត្ត នៅក្នុងពេលរាត្រី ដោយមិនបានគោរព ទៅតាមច្បាប់កំណត់ឡើយ ហើយក្នុងនោះក៏មានម្ចាស់ភោជនីយដ្ឋានមួយចំនួន បានយកចិញ្ចើមផ្លូវ និងផ្លូវឌឿងហែមធ្វើជាកម្មសិទ្ធិរកស៊ីរបស់ខ្លួនទៀតផង។
លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង និងមន្ទីរជំនាញ ក៏ដូចលោកស្នងការខេត្ត គឺត្រូវធ្វើសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ភោជនីយដ្ឋានជាមុន ដើមី្បឲ្យពួកគាត់បានយល់អំពី បញ្ហាការកើតឡើងនូវហានិភ័យចំពោះខ្លួន នៅពេលដែលបងប្អូននាំគ្នា ធ្វើការ បិទនូវផ្លូវឌឿងហែម ដែលជាច្រកចេញចូល យកទៅធ្វើការប្រកបអាជីវកម្មរបស់ខ្លួននោះ ដូច្នេះបងប្អូនមានសិទ្ធ ក្នុងការប្រកបអាជីវកម្ម ក្នុងដែនកម្មសិទ្ធិរបស់ខ្លួន ហើយចំពោះផ្លូវសាធារណៈគឺ ទុកសម្រាប់ការធ្វើដំណើរចេញ ចូលតែប៉ុណ្ណោះ។
អភិបាលខេត្តបន្តទៀតថា ចំពោះយ៉ាបដែលបានលៀនចេញចូលមកចិញ្ចើមផ្លូវ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវឲ្យម្ចាស់ភោជនីយដ្ឋានទាំងនោះ ធ្វើការរុះរើ ឬកាត់បន្ថយ ដោយយ៉ាបទាំងនេះហើយ ដែលបានធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពសំណង់បុរាណ ដែលមានអាយុកាលជិតមួយសតវត្សរ៍មកនេះ ហើយបានកំពុងដាក់ជាក្រុងប្រឡងប្រណាំង ក្នុងតំបន់អាស៊ានទៀតផង។
ប្រធានគណៈបញ្ជាការរូបនេះ ក៏បានសង្កត់ធ្ងន់ថា បញ្ហាការបិទផ្លូវសាធារណៈនេះ ជាហានិភ័យដល់ប្រជាពលរដ្ឋរស់នៅទីនេះ នៅពេលដែលមានគ្រោះអាក្រក់ ណាមួយកើតឡើង ដែលជាផលលំបាកដល់កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទៀតផង ដូច្នេះនេះជាបន្ទុករបស់អាជ្ញាធរ ក្រុង មន្ទីរជំនាញ ត្រូវអនុវត្តឲ្យខាងតែបាន ដើម្បីជាផលប្រយោជន៍ប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានចូលជួបសំណេះសំណាល សួរសុខទុក្ខបង ប្អូនអាជីវករលក់ដូរ ក្នុងផ្សារចាស់ និងបងប្អូនអ្នករត់ រ៉ឺម៉ក់ម៉ូតូកង់បី ក្នុងលក្ខណៈមហាគ្រួសារខ្មែរតែមួយ៕