(ភ្នំពេញ)៖ ក្រុមហ៊ុន Falcon Tech ដែលទើបតែបានចាប់ដៃគូជាផ្លូវការជាមួយនឹង Apple Inc បានផ្ដល់រង្វាន់យ៉ាងច្រើនដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន ជាង៤០០ហាង ក្នុងឱកាស រៀបចំកម្មវិធី ជួបជុំដៃគូអាជីវកម្មរបស់ខ្លួន «Falcon Dinner Night» នៅភោជនីយ៍ដ្ឋាន ទន្លេបាសាក់ II កាលពីយប់មិញនេះ។
កម្មវិធីនេះ បានធ្វើឲ្យអ្នកចូលរួម ពីតំណាងចែកចាយ និងហាងលក់ទូរស័ព្ទដៃជាច្រើន នៅទូទាំងប្រទេសកម្ពុជា ចំនួនប្រមាណជាជាង៤០០ហាង មានភាពសប្បាយរីករាយយ៉ាងខ្លាំង ។ នៅក្នុងពីធីនោះ ក្រុមហ៊ុន ក៏បាននាំយកនូវស្មាតហ្វូន iPhone 6 ស៊េរី ២០១៧មកកាន់ទីផ្សារកម្ពុជាផងដែរ ដោយស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនច្នៃប្រឌិតជាមួយនិងរចនាបថថ្មី ដោយបានបំពាក់នូវទំហំផ្ទុកថ្មីទំហំ 32GB ដែលជាសមល្មមនឹងតម្រូវរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាតែម្តង។
លោក Jim ដែលជានាយកគ្រប់គ្រង Falcon Tech Co., Ltd បានថ្លែងថា លោកពិតជាមានមោទកភាពខ្លាំងណាស់ ដែលបានចាប់ដៃគូជាមួយនិងក្រុមហ៊ុន Apple Inc នៅក្នុងការនាំមកនូវផលិតផល Apple មកកាន់កម្ពុជា ហើយពេលនេះ ក្រុមហ៊ុនរបស់លោក បានសម្រេចនាំយកនូវទូរស័ព្ទ iPhone 6 មកកាន់ទីផ្សារប្រទេសកម្ពុជា សារជាថ្មីម្តងទៀត ជាមួយនឹងរូបរាង រចនាបទថ្មី និងមានទំហំផ្ទុកថ្មីគឺ 32GB ដែលសមល្មម ទៅនឹងតម្រូវការប្រើប្រាស់នាពលបច្ចុប្បន្ន ដោយមិនធំពេក និងមិនតូចពេក គឺល្មមប្រើតែម្តង ជាពិសេស គឺវាប្រើប្រាស់នូវវត្ថុធាតុដើមដូចគ្នាទៅហ្នឹងទូរស័ព្ទ iPhone7 អញ្ចឹងដែរ។
លោក Jim បន្ដថា គោលបំណងចំបងសម្រាប់ថ្ងៃដ៏ពិសេសនេះ គឺចង់ផ្សព្វផ្សាយ ជាសាធារណៈអំពីលក្ខណៈស្របច្បាប់ រវាងការសហការរបស់ Apple Inc និង Falcon Tech ដែល ផ្តោតលើការផ្តល់ទំនុកចិត្ត ការជឿជាក់ គុណភាព និងការធានា ដែលស្របច្បាប់ជាចម្បងចំពោះអតិថិជនទូទាំងប្រទេសកម្ពុជា ហើយក៏ជាឱកាស ដើម្បីថ្លែងអំណរគុណ ដល់ដៃគូអាជីវកម្មទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើ Falcon Tech និងមួយវិញទៀត ជាគ្រួសារ Falcon Techទាំងអស់រួមសហការគ្នា និងរីករាយជាមួយគ្នា។ មួយវិញទៀត គឺជំរុញការផ្សព្វផ្សាយ និងជំរុញការលក់ ឲ្យដល់ដៃអតិថិជនប្រើប្រាស់ ដែលពិសេសនោះគឺ ការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃ Back-To-School promotion ជូនអតិថិជនតែម្តង ២៨ដុល្លារ (coupon $28) ដែលមាននៅគ្រប់ ហាងលក់ទូរស័ព្ទគ្រប់ខេត្តក្រុង ចំពោះការជាវ iPhone 6-32GB ដែលជាផលិតផលនាំចូលដោយ FalconTech ពិតៗ ធានាមួយឆ្នាំពីរោងចក្រApple ហើយមិនតែប៉ុណ្ណោះ Falcon Tech នៅតែ ចញ្ចឹមចិត្តធ្វើការផ្សព្វផ្សាយ ជំរុញអោយមានសកម្មភាពជាបន្តបន្ទាប់នៅលើទីផ្សារមួយនេះជាដរាប។
លោក Jim បានបន្តថា ជាមួយនឹងការមកដល់របស់ទូរស័ព្ទ iPhone 6 ស៊េរី 2017 ថ្មី នាពេលនេះ គឺអតិថិជននៅកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាង ទាំងតម្លៃ ក៏ដូចជាសេវាផ្សេងៗ រួមមានដូចជា ការបង់រំលស់ដោយគ្មានការប្រាក់ពីក្រុមហ៊ុន AEON រយៈពេលចំនួន 6 ខែ រួមជាមួយនិងការថែមជូននូវកញ្ចប់សេវាអ៊ីនធើណែតពីក្រុមហ៊ុន Smart រយៈចំនួន 6 ខែដូចគ្នា អ្វីដែលពិសេសបំផុតនោះ កឺមានការធានារយៈពេលមួយឆ្នាំពេញពីក្រុមហ៊ុន Apple ថែមទៀតផង ដូច្នេះជាមួយការជាវទូរស័ព្ទ iPhone 6 ស៊េរី 2017 នេះ អតិថិជន មិនចាំបាច់បារម្មណ៍ដូចកាលពីមុនឡើយ មានន័យថា លោកអ្នកមានការធានាពីក្រុមហ៊ុនរួចរាល់ហើយ។ លោកជឿជាក់ថា ជាមួយនឹងតម្លៃថ្មី 398 ដុល្លារ អតិថិជនទាំងអស់ នឹងរីករាយជាមួយនឹងការប្រើប្រាស់ទូរស័ព្ទថ្មីនេះ ដោយសារតែវាជាទូរស័ព្ទដែលបាននាំមកផ្ទាល់ពីក្រុមហ៊ុន Apple។ លោកបានបញ្ជាក់បន្ថែមទៀតថា iPhone 6 ស៊េរី 2017 ថ្មីនេះ មានតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌មាស ( Gold) ហើយអតិថិជន អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
Falcon Tech Co., Ltd ជាក្រុមហ៊ុនថ្មីមួយ ដែលទើបតែបង្កើតឡើងនៅក្នុងឆ្នាំ២០១៧នេះ ហើយបានក្លាយជាអ្នកតំណាងចែកចាយ ដោយស្របច្បាប់ និងផ្លូវការនៅក្នុងការនាំចូលផលិតផល Apple មកកាន់ទីផ្សារប្រទេសកម្ពុជា។ ចាប់ពីពេលនេះ អតិថិជនរបស់ Apple ទាំងអស់ នឹងមានមោទកភាពចំពោះការមកដល់របស់ Apple ផ្លូវការនៅ ពេលនេះ ដោយអតិ ថិជន អាចជាវ និងប្រើប្រាស់ផលិតផល ដែលមានគុណភាពខ្ពស់ ដោយមានការបង់ពន្ធរួចរាល់ 100% គ្មានការបន្លំ និងជាផលិតផលថ្មី ដែលចេញពីរោងចក្រផ្ទាល់ (All in one box) តែម្តង។ ជាពិសេស គឺមានការធានាផ្លូវការមួយឆ្នាំពីក្រុមហ៊ុន Apple ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ iPhone 6 ត្រូវបានរចនាជាមួយនិងរូបរាងឡូយ និងមានអេក្រង់ទំហំ 4.7 អ៊ីង (Retina Display) អាចទ្រទ្រង់បានជាមួយ នឹងទំហំរូបភាព 750 x 1,334 pixels និងមានកាមេរ៉ាទំហំ 8 មេហ្កាភិចសែល អមមកជាមួយនូវបចេ្ចកវិទ្យា OIS ដែលពិតជាពិសេសបំផុត។ ចំពោះថ្មរបស់វា គឺអាចកាន់បានយូជាងម៉ូដែលមុន។ ស្មាតហ្វូនស៊េរីថ្មី២០១៧នេះ ត្រូវបានក្រុមហ៊ុន ដំឡើងមកជាមួយនូវបន្ទះឈីប A8 អមមកជាមួយនឹងអង្គប្រតិបត្តិការ M8 motion ហើយនិងបានអភិវឌ្ឍបន្ថែមនូវឧបករណ៍សំរាប់ភ្ជាប់ទៅកាន់បច្ចេកវិទ្យា LTE ដែលមានល្បឿនលឿនរហូតដល់ 150Mbps លើសពីនេះ វាក៏អាចទ្រទ្រង់ជាមួយមួយនឹងបច្ចេកវិទ្យាថ្មី AC Wi-Fi ផងដែរ។ សូមជំរាបថា iPhone 6 ស៊េរីថ្មី 2017 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 ហើយនឹងអាច upgrade ទៅប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ជំនាន់ថ្មីនាពេលខាងមុខ៕